(ហាណូយ)៖ អាជ្ញាធរឧតុនិយមវៀតណាម នៅថ្ងៃសុក្រនេះបានព្យាករណ៍ថា តំបន់ភាគខាងជើងនៃប្រទេសវៀតណាម អាចនឹងរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដីជាច្រើននៅក្នុងឆ្នាំ២០១៧នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុវៀតណាម តំបន់ភាគខាងជើងនៃប្រទេស ទំនងជាត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ ក៏ដូចជាគ្រោះរអិលបាក់ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ចាប់ពីខែមិថុនា ដល់ខែសីហា។ ព្រមពេលជាមួយគ្នា អាជ្ញាធរវៀតណាមក៏បាន ប្រកាសផងដែរឱ្យប្រជាជនរបស់ខ្លួន រស់នៅតាមតំបន់ចំនួន ១៤ ក្នុងចំណោមតំបន់ចំនួន ១៨ នៃបណ្តាខេត្តភាគខាងជើង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
គួរបញ្ជាក់ថា រយៈពេល០៥ខែដំបូង ក្នុងឆ្នាំ២០១៧នេះ គ្រោះធម្មជាតិក្នុងប្រទេសវៀតណាម បានផ្ដាច់យកអាយុជីវិតមនុស្ស០៩នាក់ និង១៦នាក់ផ្សេងទៀតរងរបួស ខណៈលំនៅដ្ឋានជាង ៥,០០០ខ្នង និងដីស្រែ ៨,៧០០ហិកតាត្រូវបានបំផ្លាញ ដោយគិតជាទឹកប្រាក់ស្មើនឹង ១១លានដុល្លារអាមេរិក៕