(អេហ្ស៊ីប)៖ អគារកម្ពស់ខ្ពស់រហូតដល់១៤ជាន់ ស្ថិតនៅទីក្រុងអាឡិចហ្សង់ឌ្រា របស់ប្រទេសអេហ្ស៊ីប បានដួលទ្រេត ប៉ុន្តែអាចជានិយាយបានថាជាសំណាងល្អ ដែលបានមិនបានរលំចុះមកនោះទេ ដោយសារវាបានដួលគងលើអគារដែលនៅក្បែរ ទើបមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សរហូតដល់បាត់បង់ជីវិតនោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ក្រុមគ្រួសារដែលរស់នៅក្បែរ និងក្នុងអគារកើតហេតុត្រូវបានអាជ្ញាធរអេហ្ស៊ីប ជម្លៀសចេញជាបន្ទាន់រួចហើយ ដើម្បីបញ្ចៀសការរងគ្រោះថ្នាក់ ប្រសិនបើមានការរលំជាយកថាហេតុ។ ដោយឡែកក្រុមជំនាញក៏កំពុងគិតគូរផងដែរថា តើនឹងត្រូវធ្វើដូចម្តេច ដើម្បីវាយកម្ទេចយកអគារនេះចេញដោយសុវត្ថិភាព។ សម្រាប់គ្រោះថ្នាក់លើនេះ ត្រូវបានអាជ្ញាធរធ្វើការស្តីបន្ទោស ទៅលើក្រុមហ៊ុនសាងសង់អគារមួយចំនួន ដែលមិនគោរពតាមបទដ្ឋានស្តង់ដារកំណត់ដោយរដ្ឋ ហើយពួកគេប្រាកដជានឹងត្រូវប្រឈមមុខចំពោះច្បាប់៕