(អាមេរិក)៖ ពេលនេះសង្គមអាមេរិកទាំងមូល ហាក់បីដូចជាកំពុងជួបប្រទះនឹងការបែកបាក់ និងខ្វែងគំនិតគ្នា បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសម្រេចចិត្តថា នឹងដកប្រទេសមហាអំណាចពិភពលោកមួយនេះ ចេញពីកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីស ខណៈអភិបាលក្រុងជាង ៦០រូប ដែលតំណាងឲ្យប្រជាជនអាមេរិករាប់សិបលាននាក់ បែរជាបានប្រកាសក្តែងៗថា នឹងបន្តគាំទ្រក៏ដូចជាគោរពតាម កិច្ចព្រមព្រៀងនេះ ដើម្បីចូលរួមការពារភពផែនដីជាមួយអន្តរជាតិតទៅមុខទៀត ដោយមិនខ្វល់ពីការសម្រេចចិត្ត នៃមេដឹកនាំរបស់ពួកគេឡើយ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៧។
អភិបាលក្រុងខាងលើនេះ សុទ្ធតែជាសមាជិកក្នុងអង្គការ Mayors National Climate Action Agenda (MNCAA) ឬ Climate Mayors ដែលជាបណ្តាញនៃអភិបាលក្រុងសរុប ៨៨នាក់ និងតំណាងឲ្យពលរដ្ឋអាមេរិកជាង ៤៣លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក ដើម្បីរួមសាមគ្គីគ្នាពង្រឹងកិច្ចខិតខំប្រឹងប្រែង នៅតាមតំបន់រៀងៗខ្លួន ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ ជាការឆ្លើយតបចំពោះសេចក្តីប្រកាសរបស់ លោក ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស អង្គការ MNCAA ដែលដឹកនាំដោយអភិបាលក្រុង Los Angeles លោក Eric Garcetti បានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងបន្តអនុវត្តន៍ គោរព និងគាំទ្រកិច្ចព្រមព្រៀងនេះដដែល។
គួរបញ្ជាក់ថា គិតមកទល់រសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) អភិបាលក្រុងចំនួន ៦១រូប បានចុះឈ្មោះរបស់ពួកគេ នៅក្នុងសេចក្តីថ្លែងការណ៍រួមខាងលើ រួមបញ្ចូលទាំងអភិបាលក្រុងស្ទើរតែទាំងអស់មកពីទីក្រុងធំៗ នៅសហរដ្ឋអាមេរិក ដូចជា New York, Los Angeles, Chicago, Houston, San Francisco, Seatlle, Phoenix, និង Denver ផងដែរ៕