(ម៉ានីល)៖ យ៉ាងហោចណាស់សាកសពមនុស្ស ៣៤នាក់ ត្រូវបានប្រមូលយកពីកន្លែងបាញ់ប្រហារគ្នា និងអគ្គីភ័យ ស្ថិតនៅទីកន្លែងកម្សាន្ត សណ្ឋាគារ-កាស៊ីណូ ដ៏ល្បីល្បាញខ្នាតអន្តរជាតិក្នុងទីក្រុងម៉ានីល Resorts World Manila ដែលមិនទាន់ដឹងថា ក្រុមណាមួយជាអ្នកស្ថិតនៅពីក្រោយរឿងនេះ ឲ្យច្បាស់លាស់នៅឡើយទេ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
វិទ្យុក្នុងស្រុករបស់ហ្វីលីពីន បានចេញផ្សាយជាបន្តបន្ទាប់ថា ការបាញ់ប្រហារគ្នាធ្វើឡើងដោយខ្មាន់កាំភ្លើងមួយចំនួន ហើយក៏មានផ្ទុះករណីបុរសម្នាក់ធ្វើអត្តឃាតដោយដុតខ្លួនឯង នៅក្នុងកាស៊ីណូដ៏ល្បីល្បាញលំដាប់អន្តរជាតិ នៃទីក្រុងម៉ានីល ភាគខាងជើងប្រទេសហ្វីលីពីន ហើយក្រៅពីមនុស្សស្លាប់ទាំង ៣០នាក់នោះ គឺមនុស្ស៥៤នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទាំងព្រឹកថ្ងៃសុក្រនេះតែម្តង។
ប៉ូលិសហ្វីលីពីនបានអះអាងថាទៀត មនុស្សស្លាប់ភាគច្រើន ត្រូវបានប៉ូលិសរកឃើញនៅជាន់ទី២ និងទី៣ របស់បរិវេណអគារកាស៊ីណូ។ ប៉ូលិសមុនដំបូងបានអះអាងថា បុរសដែលបានសម្លាប់ខ្លួននោះ គឺជាអ្នកបង្កអគ្គីភ័យ ដែលបណ្តាលឲ្យមនុស្សម្នាជាច្រើននាក់ស្លាប់ និងរងបួស ប៉ុន្តែសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានលើកឡើងថា គេឃើញខ្មាន់កាំភ្លើងមួយចំនួនទៀត នៅក្នុងអគារសណ្ឋាគារ-កាស៊ីណូខាងលើនេះ ដែលពួកគេបានចាប់ផ្តើមសកម្មភាព ពីទីកន្លែងកម្សាន្តមួយក្នុងអគារ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តិចទៀតនេះ៕