(សេអ៊ូល)៖ អ្នកជំនាញអាមេរិកម្នាក់បានកត់សម្គាល់ថា ម៉ូទ័រដែលកូរ៉េខាងជើងប្រើប្រាស់ក្នុងការអភិវឌ្ឍន៍មីស៊ីលផ្លោងរយៈចំងាយមធ្យមប្រភេទថ្មី ទំនងជាមានប្រភពមកពីបរទេស ដូចជាអ៊ុយក្រែន និងរុស្ស៊ីជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
កូរ៉េខាងជើងបានធ្វើតេស្ដដោយជោគជ័យ មីស៊ីលផ្លោង Hwasong 12 កាលពីថ្ងៃទ១៤ ខែឧសភា ដោយគ្រាប់មីស៊ីលនេះ អាចហោះបានរយៈកម្ពស់អតិបរមា ២,១១១.៥គីឡូម៉ែត្រ និងរត់បានចំងាយ ៧៨៧គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងសមុទ្រជប៉ុន។ ទន្ទឹមគ្នានេះដែរ បើតាមក្រុមអ្នកជំនាញដូចជា លោក Michael Elleman មីស៊ីលប្រភេទនេះ អាចបាញ់បានរយៈកម្ពស់ដល់ទៅ ៤,៥០០គីឡូម៉ែត្រឯណោះ បើសិនជាវាត្រូវបានបាញ់ចេញពីមុំធម្មតា ហើយដែលនេះគឺបង្ហាញថា កូរ៉េខាងជើងនឹងមានសមត្ថភាពផលិតមីស៊ីលផ្លោងឆ្លងទ្វីប ICBM នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងវេទិកាមួយរៀបចំដោយ 38 North លោក Michael Elleman បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ខ្ញុំកម្មវិធីមីស៊ីលកូរ៉េខាងជើង គឺជាបញ្ហាដ៏ធំ... ហើយខ្ញុំយល់ថា ម៉ូទ័រដែលកូរ៉េខាងជើងប្រើប្រាស់ ក្នុងការអភិវឌ្ឍមីស៊ីលប្រភេទថ្មី គឺមានប្រភពមកពីប្រទេសអ៊ុយក្រែន ឬក៏រុស្ស៊ី ពីព្រោះម៉ូទ័រនេះមានភាពខុសគ្នាទៅនឹងប្រភេទម៉ូទ័រ ដែលយើងធ្លាប់បានឃើញប្រើនៅកូរ៉េខាងជើង ពោលគឺវាអាចជាប្រភេទម៉ូទ័រគេហៅថា RD-250 មកពីរុស្ស៊ី តែម្ដងក៏ថាបាន»។
គួរបញ្ជាក់ថា បើទោះជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមិនទាន់ទទួលស្គាល់ចំៗពីសមត្ថភាពមីស៊ីល ឬអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងក៏ដោយ ប៉ុន្តែ ក្រុមអ្នកជំនាញមួយចំនួនសន្និដ្ឋានថា ទីក្រុងព្យុងយ៉ាងអាចនឹងផលិតបានមីស៊ីលផ្លោងទ្វីប ICBM បាញ់ដល់សហរដ្ឋអាមេរិក យ៉ាងយូរនៅឆ្នាំ២០២០ ឬ២០២១៕