(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចថា នឹងដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបម្រែបម្រួលអាកាសធាតុ នឹងបំផ្លាញដល់ផលប្រយោជន៍អាមេរិក និងប្រជាជនខ្លួនឯងតែប៉ុណ្ណោះ ហើយថែមទំាងអះអាងថា គ្មានផ្លូវចរចាកិច្ចព្រមព្រៀងនេះឡើងវិញនោះទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
ការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ត្បិតលោកធ្លាប់បានអះអាងជាច្រើនដង តំាងពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតមកម្លេះថា នឹងដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្រាប់ លោក ត្រាំ ដែលជាមេដឹកនាំប្រទេសបំពុលពិភពលោកខ្លាំងជាងគេ កិច្ចព្រមព្រៀងនេះគឺបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារនៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងធ្វើឱ្យទន់ខ្សោយអធិបតេយ្យភាពអាមេរិក ក៏ដូចជាអនុញ្ញាតឱ្យប្រទេសដទៃ នៅលើពិភពលោកទាញយកផលប្រយោជន៍ ជាអចិន្ត្រៃយ៍ពីសហរដ្ឋអាមេរិក។
ដោយឡែកឆ្លើយតបទៅនឹងការសម្រេចចិត្តនេះដែរ លោក ម៉ាក្រុង លើកឡើងយ៉ាងដូច្នេះថា «លោក ត្រាំ បានប្រព្រឹត្តកំហុសធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ នៃប្រទេសរបស់គាត់ ប្រជាជនរបស់គាត់ ហើយកំហុសនេះទៀតសោត គឺសម្រាប់អនាគតផែនដីរបស់យើងទំាងមូល...ខ្ញុំសូមប្រាប់អ្នក (លោក ត្រាំ) ឱ្យច្បាស់នៅយប់នេះថា យើងនឹងមិនចរចាកិច្ចព្រមព្រៀងនេះឡើងវិញនោះទេ វាគ្មានផ្លូវឡើយ»។
គួរបញ្ជាក់ថា បើទោះជាលោក ដូណាល់ ត្រាំ សម្រេចចិត្តថានឹងដកសហរដ្ឋអាមេរិក ដែលជាប្រទេសបំពុលពិភពលោកខាំ្លងជាងគេ ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ដោយ ប៉ុន្តែលោក ត្រាំ នៅតែបង្ហាញពីឆន្ទៈចង់ចរចា កិច្ចព្រមព្រៀងនេះឡើងវិញ ផ្អែកលើផលប្រយោជន៍សហរដ្ឋអាមេរិក៕