(វ៉ាស៊ីនតោន)៖ ដូចទៅនឹងសេចក្តីរាយការណ៍ព័ត៌មាន កាលពីខែឧសភាកន្លងទៅមិនខុសមែន ទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តមិនធ្វើការផ្លាស់ប្តូរ ស្ថានទូតអាមេរិកប្រចាំប្រទេសអ៉ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹមឡើយ សម្រាប់ពេលនេះ ដោយបានចុះហត្ថលេខាលើអនុស្សរណៈមួយ ដែលតម្រូវឲ្យស្ថានទូតបន្តស្ថិតក្នុងទីក្រុង តែល អាវីវ (Tel Aviv) សម្រាប់រយៈពេលយ៉ាងហោចណាស់ ០៦ខែទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៧។
យ៉ាងណាមិញយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក ដូណាល់ ត្រាំ នៅតែបន្តប្តេជ្ញាគាំទ្រចំពោះអ៉ីស្រាអែលដដែល ហើយគង់តែនឹងធ្វើផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិកនោះទេ គ្រាន់តែមិនដឹងឲ្យប្រាកដថា នៅពេលណា។ ដោយឡែកសម្រាប់ពេលនេះ លោក ត្រាំ បានសម្រេចជ្រើសរើសធ្វើការអូសបន្លាយពេលវេលាបែបនេះ ព្រោះលោកដឹងថា បើមិនដូច្នោះទេ វានឹងធ្វើឲ្យប៉ាឡេស្ទីនរង្គាសចិត្ត ហើយជះផលប៉ះពាល់ដល់ការចរចា ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។
គួរជំរាបថា កាលពីឆ្នាំ១៩៩៥ សភាអាមេរិកបានសម្រេចអនុម័តគាំទ្រច្បាប់មួយ ដែលតម្រូវឲ្យអាមេរិកតាំងស្ថានទូតរបស់ខ្លួន នៅក្នុងទីក្រុងហ្សេរុយសាឡឹម ក៏ប៉ុន្តែគិតចាប់តាំងពីពេលនោះមក រាល់ប្រធានាធិបតីអាមេរិក បានសម្រេចពន្យាពេលការអនុវត្តន៍ច្បាប់នេះ ជារៀងរាល់ពេល០៦ខែម្តង។ ម៉្យាងវិញទៀតស្ថានភាពនៃទីក្រុង Jerusalem នាសព្វថ្ងៃនេះនៅតែបន្តជាបញ្ហាស្នូលដ៏សំខាន់ នៅក្នុងវិបត្តិអ៉ីស្រាអែល-ប៉ាឡេស្ទីន ហើយមកទល់ពេលនេះ សហគមន៍អន្តរជាតិពុំមានការទទួលស្គាល់ Jerusalem ថាជារដ្ឋធានីរបស់ប្រទេសអ៉ីស្រាអែលឡើយ។ បន្ថែមពីនេះក៏គ្មានប្រទេសណាមួយ ដាក់ស្ថានទូតរបស់ពួកគេនៅក្នុងទីក្រុងនេះដែរ។
គួររំលឹកដែរថា កាលពីអំឡុងនៃការធ្វើយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាយ៉ាងមុតមាំថា នឹងផ្លាស់ប្តូរស្ថានទូតអាមេរិកពីទីក្រុង Tel Aviv នៃប្រទេសអ៉ីស្រាអែលទៅកាន់ទីក្រុង Jerusalem ដ៏ចម្រូងចម្រាស ហើយអនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក Mike Pence បានថ្លែងកាលពីដើមខែឧសភានេះថា លោក ត្រាំ បាននិងកំពុងធ្វើការពិចារណា យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចំពោះការផ្លាស់ប្តូរទីតាំងនេះ៕