(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានវាយប្រហារពាក្យសម្តីយ៉ាងចាស់ដៃទៅលើ កូនស្រីរបស់ លោកស្រី ហ៊ីលឡារី គ្លីនតុន បន្ទាប់ពីអ្នកនាង ឈែលស៊ី គ្លីនតុន បានធ្វើការរិះគន់ធ្ងន់ៗចំពោះ ការអត្ថាធិប្បាយបែបលេងសើចមួយ ដែល លោក ឌូតឺតេ បានធ្វើឡើងទាក់ទិននឹងករណីរំលោភបំពានផ្លូវភេទ ដែលប្រព្រឹត្តដោយពលទាហាន។ នេះបើតាមការដកស្រង់ការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
នាពេលថ្មីៗនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងប្រាប់ទៅកាន់កងកម្លាំងយោធាថា រូបលោកនឹងទទួលខុសត្រូវទាំងស្រុង ចំពោះរាល់ទង្វើទាំងឡាយណា ដែលពលទាហានបានប្រព្រឹត្ត ក្នុងអំឡុងពេលនៃការអនុវត្តន៍ច្បាប់អាជ្ញាសឹក ដែលត្រូវបានដាក់ចេញកាលពីថ្ងៃអង្គារសប្តាហ៍មុន ទៅលើទូទាំងកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ជាមួយសុពលភាពចំនួន៦០ថ្ងៃ សូម្បីតែនៅពេលដែលយោធិនណាម្នាក់ រំលោភស្រ្តីភេទដល់ទៅបីនាក់ក៏ដោយ។
ជុំវិញសម្តីរបស់លោក ឌូតឺតេ អ្នកនាង ឈែលស៊ី បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា «វាមិនគួរឲ្យអស់សំណើចសូម្បីតែបន្តិចសោះឡើយ» ហើយបន្តិចក្រោយមកកូនស្រីរបស់លោកស្រី គ្លីនតុន រូបនេះ បានបង្ហោះសារមួយថែមទៀតថា «លោក ឌូតឺតេ គឺជាឧក្រិដ្ឋជនដែលប្រព្រឹត្តអំពើឃាតកម្ម ដោយមិនខ្វាយខ្វល់ពីសិទ្ធិមនុស្សនោះឡើយ»។
បន្ទាប់ពីបានជ្រាបអំពីសាររិះគន់ធ្ងន់ៗទាំងអស់នោះ លោកប្រធានាធិបតីហ្វីលីពីន ក៏បានព្រលះថា «ស្រីសំផឹងទាំងនេះដូចជានាង ឈែលស៊ី នៅពេលដែលពួកគេលឺពាក្យថា រំលោភ ក៏ធ្វើការរិះគន់ខ្ញុំភ្លាម។ ខ្ញុំមិនបាននិយាយលេងកំប្លែងឡើយ ប៉ុន្តែខ្ញុំនិយាយបញ្ឈឺដើម្បីធ្វើជាការក្រើនរំលឹកដល់ពលទាហានទៅវិញទេ ដោយខ្ញុំចង់ឲ្យពួកគេដឹងថា អ្វីៗដែលពួកគេប្រព្រឹត្តនឹងក្លាយជាបន្ទុករបស់រូបខ្ញុំ»។
លោក ឌូតឺតេ ក៏បានសួរទៅកាន់អ្នកនាង ឈែលស៊ី យ៉ាងដូច្នេះថា «តើនៅពេលដែលអតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន កំពុងរួមរ័ក្សជាមួយនាង Monika Lewinsky ដែលជាស្រីកំណាន់របស់ខ្លួន នៅឯសេតវិមាននោះ តើនាងមានអារម្មណ៍ និងប្រតិកម្មបែបណាវិញ? តើនាងរិះគន់លើឪពុកបង្កើតរបស់នាងដែរ ឬទេ?»។
គួរបញ្ជាក់ថា កងទ័ពហ្វីលីពីន បាននិងកំពុងធ្វើការប្រយុទ្ធតទល់យ៉ាងស្វិតស្វាញ ជាមួយក្រុមឧទ្ទាម ISIS នៅក្នុងទីក្រុង Marawi ដែលស្ថិតនៅលើកោះ Mindanao ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុនមកម៉្លេះ៕