(វ៉ាស៊ីនតោន)៖ កងទ័ពអាមេរិកនឹងធ្វើតេស្តបាញ់ទម្លាក់ មីស៊ីលផ្លោងអន្តរទ្វីប ICBM សាជាថ្មីម្តងទៀត នៅឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីការសាកល្បងដោយជោគជ័យ កាលពីនាពេលថ្មីៗនេះ ស្របពេលដែលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង កំពុងមានការវិវឌ្ឍទៅមុខកាន់តែខ្លាំងឡើង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមមន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការពារជាតិអាមេរិក ការធ្វើសាកល្បងបាញ់ស្ទាក់មីស៊ីលផ្លោង ICBM បន្ទាប់ នឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៨ ក្រោយការធ្វើតេស្ត កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានសម្រេចទៅដោយជោគជ័យជាលើកដំបូងបំផុត ក្នុងការកម្ទេចគោលដៅ ដែលបានហោះសំដៅមកកាន់សហរដ្ឋអាមេរិក ហើយវាក៏ជាសមិទ្ធិផលដ៏សំខាន់មួយ ក្នុងការពង្រឹងសមត្ថភាពការពារគ្រាប់មីស៊ីល របស់ប្រទេសមហាអំណាចពិភពលោកនេះផងដែរ។ ជាមួយគ្នានេះ មេបញ្ជាការកងទ័ព Jim Syring និងជានាយកទីភ្នាក់ងារការពារមីស៊ីលអាមេរិក បានឲ្យដឹងទៀតថា ប្រព័ន្ធបាញ់ស្ទាក់មីស៊ីលចំនួន ៤៤គ្រឿង នឹងត្រូវដាក់ឲ្យដំណើរការនាចុងឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថា ការធ្វើតេស្តសាកល្បងនៃប្រព័ន្ធការពារមីស៊ីលផ្លោងដ៏ទំនើប និងចំណាយលុយរាប់រយលានដុល្លារក្នុងមួយលើកៗ របស់សហរដ្ឋអាមេរិកនេះ ត្រូវបានធ្វើឡើងស្របពេលដែលកូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍន៍កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន ក្នុងគោលបំណងសម្រេចឲ្យបាន នូវគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយអាចបាញ់ដល់សហរដ្ឋអាមេរិក៕