(សេអ៊ូល)៖ រដ្ឋបាលថ្មីរបស់​ប្រទេស​កូរ៉េខាងត្បូង នឹងធ្វើជាអ្នកបើកមុខ​ក្នុងការស្វែងរក ដំណោះស្រាយ​លើបញ្ហា​កូរ៉េខាងជើង ដោយមិន​ពឹងផ្អែក​ទាំង​ស្រុងទៅលើ​​ប្រទេសដទៃទៀត​នោះឡើយ។ នេះបើតាមសម្តី​អះអាងដោយផ្ទាល់​ របស់ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដកស្រង់​ដោយ​ទីភ្នាក់​ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅល្ងាចថ្ងៃ​ព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០១៧។

លោក មូន ជែអ៊ីន បានថ្លែងថា «យើងនឹងធ្វើការ​ដោះស្រាយ​បញ្ហា នៅក្នុងតំបន់ឧបទ្វីបកូរ៉េ​ដោយខ្លួនផ្ទាល់ និងមិនត្រូវការ​អាស្រ័យ ពឹងពាក់​លើតួ​នាទី​របស់បរទេស​ណាឡើយ។ យើងនឹងបើក​កិច្ចផ្តួចផ្តើមថ្មី​ទាំងស្រុងមួយ ហើយអនុវត្តន៍​វាប្រកបដោយ​ភាពជឿជាក់ ដើម្បីសន្តិភាព និងភាពរុងរឿង​ជា​​យូរអង្វែងនៅឧបទ្វីបកូរ៉េ​»។ លោក មូន បានបន្តថា កូរ៉េខាងត្បូងនឹងប្រើប្រាស់វិធីសាស្រ្ត លួងលោម បញ្ចុះបញ្ចូល និងការដាក់សម្ពាធ​ប្រឆាំងនឹង​កូរ៉េខាង​ជើង ដើម្បីធ្វើ​យ៉ាងណា បង្ខំឲ្យប្រទេសកុម្មុយនិស្តមួយនេះ សុខចិត្តមកអង្គុយ​ក្នុងតុចរចា​ជាមួយគ្នា ជុំវិញកម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន។

លោកប្រធានាធិបតី​កូរ៉េខាងត្បូង​បានបញ្ជាក់ថា ការធ្វើតេស្តបាញ់​មីស៊ីលនាពេលថ្មីៗនេះ របស់កូរ៉េខាងជើង គឺជាទង្វើបង្កហេតុ​ដ៏ធ្ងន់ធ្ងរបំផុតមួយ​ ​មិនត្រឹមតែចំពោះ​ឧបទ្វីបកូរ៉េនោះទេ តែក៏ចំពោះសន្តិភាព និងស្ថិរភាព​អន្តរជាតិ​ផងដែរ។ គួរបញ្ជាក់ថា ទោះបីជាកូរ៉េខាងត្បូងមិនបានអះអាងចំឈ្មោះប្រទេសណាក៏ដោយ ប៉ុន្តែសម្រាប់ប្រទេស ដែលបានចូលរួមកិច្ចចរចា ០៦ភាគី ជាគោលសំខាន់​នៃការដោះស្រាយ​បញ្ហាកូរ៉េខាងជើង​កន្លងមកមានដូចជា អាមេរិក ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូងផ្ទាល់តែម្តង៕