(វ៉ាស៊ីនតោន)៖ ​​អង្គការ NASA បានធ្វើសេចក្តីប្រកាស អំពីគម្រោងដ៏អស្ចារ្យមួយនា​ថ្ងៃព្រហស្បតិ៍នេះ ទាក់ទិននឹង​បេសកកម្ម​​ដំបូងបំផុត​​ ដែល​​ពុំ​​ធ្លាប់​​មាន​​ពី​​មុន​មក​​ឡើយ គឺការធ្វើដំណើរ​ឆ្តោះទៅយ៉ាងកៀក​ បរិយាកាសដ៏សែនក្តៅរបស់ព្រះអាទិត្យ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ ចេញ​ពីគេហ​ទំព័រ​វិទ្យា​សាស្រ្ត Space.com នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍មួយ របស់ទីភ្នាក់ងារអវកាស NASA បេសកកម្ម Solar Probe Plus ត្រូវបានគេកំណត់​ពេលវេលាថា នឹង​ធ្វើ​ការ​ចាប់​ផ្តើម​​ក្នុង​រដូវ​ក្តៅ​នៃឆ្នាំ២០១៨ ហើយនឹងវា​ធ្វើដំណើរ​គោចរ​ក្នុង​រយៈ​ចម្ងាយ ៦.៤លានគីឡូម៉ែត្រ ពីផ្ទៃរបស់ព្រះអាទិត្យ ជាទីដែលយាន​អវកាសនេះ នឹងប្រឈមមុខ​ជាមួយកម្តៅរួមទាំងវិទ្យុ​សកម្ម​​ដ៏​ខ្លាំង​មហិក​មា​ ដែលយានអវកាស​ដទៃៗទៀត​ពុំធ្លាប់​បាន​ជួប​ប្រទះ ឬឆ្លងកាត់ពីមុនមក​ឡើយ នៅក្នុងប្រវត្តិសាស្រ្ត​នៃការុករកក្នុង​ទីអវកាស។

គួរបញ្ជាក់ថា បេសកកម្មជា​ប្រវត្តិសាស្រ្ត នឹងធ្វើការរុករក​ក៏ដូចជាស្រាវជ្រាវ​បរិយាកាសស្រទាប់ខាងក្រៅនៃ​ព្រះអាទិត្យ និង​ធ្វើ​ការ​អង្កេត​ឃ្លាំមើល​​ដ៏​សំខាន់០២ផ្សេងៗ ដែលអាចផ្តល់​ចម្លើយដល់ការងឿង​ឆ្ងល់ រាប់ទសវត្សរ៍ទាំងប៉ុន្មាន​ពាក់ព័ន្ធនឹងផ្កាយរបស់យើង។ ម៉្យាងវិញទៀត ទិន្ន​ន័យ​ក៏​ដូច​ជា​​របក​គំហើញ​នានា ដែលនឹងទទួលបាន​ពីបេសកកម្មនេះ នឹងជួយបង្កើត​ប្រសិទ្ធភាព នៃការព្យាករណ៍​ព្រឹត្តិការណ៍ធំៗ​ ស្តីពីអាកាស​ធាតុ​​អវកាស ដែលអាចជះផល​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ដល់​ជីវិតនៅភពផែនដី​របស់យើង ក៏ដូចជាផ្កាយរណប និងក្រុមអវកាសយានិក​នៅក្នុងលំហអាកាស​ផង​ដែរ៕