(កង់បេរ៉ា)៖ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាបុត (Tony Abott) បាននិយាយថា អូស្រ្ដាលីកំពុងប្រឈមមុខនឹងការគំរាមកំហែង ពីសំណាក់ក្រុមភេរវករ ហើយលោកបានអំពាវនាវឱ្យបង្កើតតុលាការពិសេសមួយ ដើម្បីដោះស្រាយការវិលត្រឡប់មកវិញ នៃក្រុមអ្នកប្រយុទ្ធអូស្ត្រាលី ដែលបានបោះបង់ប្រទេសកំណើតរបស់ខ្លួន ទៅចូលរួមនឹងក្រុម ISIS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។
លោក តូនី អាបុត នៅក្នុងបទសម្ភាសន៍ជាមួយកាសែតនៅក្នុងស្រុក News Corp newspapers នៅថ្ងៃព្រហស្បតិ៍នេះបានគូសបញ្ជាក់ថា ក្រុមអ្នកប្រយុទ្ធ ISIS អូស្ត្រាលីអាចនឹងត្រឡប់ពីតំបន់ជម្លោះនៅមជ្ឈិមបូព៌ា មកប្រទេសកំណើតវិញ ដោយសារតែភាពចន្លោះប្រហោងនៃច្បាប់អូស្រ្ដាលីបច្ចុប្បន្ន។ ដូច្នេះហើយទើបអតីតនាយករដ្ឋមន្ត្រីរូបនេះ អំពាវនាឱ្យបង្កើតប្រព័ន្ធតុលាការ ពិសេសមួយទុកកាត់ទោសពួកភេរវករ។ «យើងចាំបាច់ត្រូវតែធានាឱ្យបានថា រាល់ពួកភេរវករដែលត្រឡប់មកវិញ នឹងត្រូវរងការចោទប្រកាន់ និងកាត់ទោសតាមរយៈការបង្កើតតុលាការពិសេសថ្មីមួយ...» ។ នេះបើតាមលោក តូនី អាបុត។
គួរបញ្ជាក់ថា បើតាមលោក តូនី អាបុត ពួកភេរវករតែពីរនាក់ប៉ុណ្ណោះ ត្រូវបានកាត់ទោសដោយតុលាការអូស្ត្រាលី ខណៈភេរវកររាប់សិបនាក់បាន និងកំពុងត្រឡប់ពីអ៊ីរ៉ាក់ និងស៊ីរីមកកាន់អូស្ត្រាលីវិញ៕