លោក ដូណាល់ ត្រាំ «ថ្កោលទោសការបំផ្ទុះគ្រាប់បែក ដ៏អាក្រក់ក្រៃលែងនៅអាហ្វហ្គានីស្ថាន» និងពិចារណាបង្កើនទ័ពអាមេរិកបន្ថែមទៀត! (Video inside)
01-06-2017 14:51
(វ៉ាស៊ីនតោន)៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថ្កោលទោស ការបំផ្ទុះគ្រាប់បែកដ៏កក្រើកក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា និងបានសន្យាទៀតថា អាមេរិកកំពុងគិតគូរពីការផ្តល់ជំនួយ មកកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដូចជាការបង្កើនចំនួនកងទ័ព ដើម្បីតាមប្រមាញ់រកជនដៃដល់ ដែលប្រព្រឹត្តអំពើភេរវកម្ម ខាងលើនេះផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា សរុបតួលេខចុងក្រោយ ចេញផ្សាយដោយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ការបំផ្ទុះគ្រាប់បែកលើរថយន្តដ៏កក្រើកនៅទីក្រុងកាប៊ុល ស្ថិតនៅតំបន់ក្បែរស្ថានទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់បានបណ្តាលឲ្យមនុស្សស្លាប់ ៨០នាក់ និងរងរបួស ៣៥០នាក់។ ក្នុងចំណោមមនុស្សស្លាប់ និងរងរបួសសទាំង ៤៣០នាក់ ក៏មានអ្នករាយការណ៍ព័ត៌មានម្នាក់របស់បណ្តាញទូរទស្សន៍ BBC អង់គ្លេស និង បុគ្គលិកស្ថានទូតអាល្លឺម៉ង់ម្នាក់រងរបួស ខណៈបុគ្គលិកម្នាក់ទៀតរបស់ស្ថានីយ៍ទូរទស្សន៍ TOLOnews TV របស់ក្រុមហ៊ុនផ្សព្វផ្សាយ Moby មានបេសកកម្មនៅអាហ្វហ្គានីស្ថានបានស្លាប់៕