(វ៉ាស៊ីនតោន)៖ នៅក្នុងការបង្ហាញវត្តមានលើវេទិកាសាធារណៈចុងក្រោយបំផុត អតីតរដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បាន​ស្តីបន្ទោស​ទៅលើគណបក្ស​ប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានវាយប្រហារ និងសូម្បីតែជនជាតិ​រុស្ស៊ីដល់ទៅ​ប្រមាណ ១,០០០នាក់​ទៀតថា ពួកគេគឺជាមូលហេតុដែលបានបណ្តាលឲ្យ រូបលោកស្រី ចាញ់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​អាមេរិក​ កាលពី​ឆ្នាំ​២០១៦។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​​មួយនៅ​ឯ​ទីក្រុង Ranchos Palos Verdes នៃរដ្ឋកាលីហ្វរញ៉ា អតីតបេក្ខភាព​ប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យវ័យ ៦៩ឆ្នាំរូបនេះ​បាននិយាយថា លោកស្រី ទទួលខុសត្រូវ​ចំពោះរាល់​ការសម្រេចចិត្ត​ទាំងអស់ ដែលលោកស្រី​បានធ្វើ ក៏ប៉ុន្តែបាន​បន្ថែមដូច្នេះថា «វា​មិន​មែន​មូល​ហេតុ​ ដែលខ្ញុំបានទទួល​បរាជ័យនោះឡើយ»។ លោកស្រី គ្លីនតុន ក៏បានបន្តលើក​យកហេតុផល​ជាច្រើន ដែលបានធ្វើឲ្យលោកស្រី​ចាញ់ឆ្នោត រួម​មានសេចក្តីរាយការណ៍​យ៉ាងគគ្រឹកគគ្រេង ​របស់ប្រព័ន្​ផ្សព្វផ្សាយ​នានា ជុំវិញការ​ប្រើប្រាស់ Server អ៊ីម៉ែល​ឯកជន ដោយធាតុពិតគ្រាន់​តែជារឿង​តូចតាច​មួយប៉ុណ្ណោះ។

ស្របពេលជា​មួយគ្នា លោកស្រី ហ៊ីលឡារី គ្លីនតុន បានយល់ថា លោកស្រីគឺជា​ជនរងគ្រោះនៃការសន្មត់​យ៉ាងទូលំទំលាយ​បំផុត ដែលថារូប​លោក​ស្រី​នឹង​ទទួលជ័យជម្នះ​មួយរយភាគរយ​ នៅក្នុងការបោះឆ្នោត​ឆ្នាំ២០១៦។ បន្ថែមពីនេះ​លោកស្រី  គ្លីនតុន ក៏បានចោទប្រកាន់​ការចូលលូកដៃរបស់​​រុស្ស៊ី គឺជាហេតុផលដ៏ចម្បង​មួយនៃការចាញ់ឆ្នោត​របស់លោកស្រី ដោយបានគូសបញ្ជាក់ថា អាមេរិក​បានជួយបំភ្លៃព័ត៌មាន​ដើម្បី​​​ប្រើ​ប្រាស់​​សម្រាប់វាយ​ប្រហារប្រឆាំង​នឹងរូបលោកស្រី។

លោកស្រី គ្លីនតុន បានលើកឡើងថា «ពួករុស្ស៊ី បើតាមខ្ញុំគិត និងផ្អែកលើព័ត៌មាន​ពីភ្នាក់ងារស៊ើបការណ៍​សម្ងាត់ ដែលខ្ញុំបាន​ជជែកជាមួយ មិន​អាច​ដឹងអំពីវិធីសាស្រ្ត​នៃការប្រើប្រាស់​ព័ត៌មាន​ទាំងនោះ ដើម្បីធ្វើជាអាវុធវាយប្រហារ​នោះឡើយ លុះត្រាតែពួកគេ​បានទទួលការណែនាំ​ណាមួយ... ពួក​គេត្រូវបាន​ជួយត្រួសត្រាយផ្លូវ​ដោយអាមេរិក​ផ្ទាល់​»។ លោកស្រី គ្លីនតុន និយាយបន្ត​ទៀតថា ព័ត៌មានស្ទើរ​តែទាំងស្រុង​ស្តីពីរូបលោកស្រី នៅលើ​បណ្តាញទំនាក់ទំនង​សង្គម Facebook សុទ្ធតែជារឿង​មិនពិត ដែលជាហេតុបង្កផល​ប៉ះពាល់យ៉ាងខ្លាំងដល់ បណ្តាអ្នកបោះឆ្នោត​ដែលទទួលបាន​ដំណឹងតិចតួច។ ម៉្យាងវិញទៀត​លោកស្រី បានអះអាងថា មានភ្នាក់ងារចារកិច្ច​រុស្ស៊ីចំនួន ១,០០០នាក់ ដែលបានចូល​មកពាក់ព័ន្ធក្នុងការចែកចាយ​ព័ត៌មានបំភ្លៃទាំងនោះ តែលោកស្រី​មិនបានបញ្ជាក់ឲ្យដឹងពីប្រភព​នៃអំណះអំណាង​ទាំងអស់នេះឡើយ។

មួយវិញទៀត នៅពេលដែល​ត្រូវបានចោទសួរថា ហេតុអ្វីបានជា​កាលពីអំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោត លោកស្រីពុំ​បាន​ធ្វើ​ដំណើរទៅ​កាន់​រដ្ឋ Wisconsin និងបណ្តារដ្ឋដទៃទៀត​ដែលលោក ដូណាល់ ត្រាំ បានឈ្នះនោះ លោកស្រី ហ៊ីលឡារី គ្លីនតុន បានទម្លាក់កំហុស​ទៅលើព័ត៌មាន​មិន​ល្អរបស់គណៈកម្មាធិការ​ជាតិប្រជាធិបតេយ្យ ហើយបានប្រៀបធៀប​វាជាមួយគណកម្មាធិការជាតិ​សាធារណរដ្ឋ ដែលលោកស្រីបាន​ចាត់ទុកថា គឺ​ជាស្ថាប័នពោរពេញ​ដោយប្រសិទ្ធភាព​ពិតប្រាកដមួយ។

ជាចុងក្រោយ​លោកស្រី គ្លីនតុន បានឆ្លើយពាក្យថា «ទេ» នៅពេលដែល​ត្រូវបានគេសួរថា តើលោកស្រីអាច​នឹងធ្វើការពិចារណា ឈរឈ្មោះដើម្បី​ប្រកួតប្រជែង​យកតំណែងជា​ប្រធានាធិបតី​អាមេរិក​សាជាថ្មីម្តងទៀត ដែរឬយ៉ាងណា​នោះ៕