(វ៉ាស៊ីនតោន)៖ បើទោះជាដឹងថា ប្រទេសវៀតណាមគ្មានទឹកមាត់ប្រៃលើ​កូរ៉េខាងជើង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍​នេះនៅតែអះអាងថា លោកនឹងលើកយកសំណុំរឿង​កូរ៉េខាងជើង​ ទៅពិភាក្សាជាមួយនាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc ដែលកំពុង​បំពេញដំណើរ​ទស្សនកិច្ច នៅក្នុងទីក្រុង​វ៉ាស៊ីនតោន ដើម្បីបញ្ចុះបញ្ចូល​ឱ្យរបបកុម្មុយ​នីស្ដទីក្រុងហាណូយ ចូលរួមដាក់ទណ្ឌកម្ម​ និងខ្ទប់ដង្ហើមសេដ្ឋកិច្ច របបដឹកនំា​ទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។

ការលើក​ឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនាឱកាសចាប់ផ្ដើមជំនួបជាមួយលោក Nguyen Xuan Phuc។ ថ្លែងចំពោះមុខលោក  Phuc លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាពិតជាមាន​កិត្តិយសណាស់ ក្នុងការទទួល​ស្វាគមន៍ លោកនាយរដ្ឋមន្ត្រី​វៀតណាម នៅឯវិមានពងក្រពើ​នៃសេតវិមាន... លោកនាយករដ្ឋមន្ត្រី Phuc បានធ្វើការងារ​ដ៏អស្ចារ្យ ក្នុងការដឹកនាំ​ប្រទេស​វៀតណាម បើទោះជាមាន​ភាពខុសប្លែកគ្នា​ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក៏ដោយ។ យើងនឹង​ពិភាក្សាគ្នាពីរឿង​ពាណិជ្ជកម្មនេះ  ហើយយើងក៏​នឹងជជែកគ្នាផងដែរ​លើសំណុំរឿង​កូរ៉េខាងជើង»។

គួរបញ្ជាក់ថា បើទោះជា​លោក ដូណាល់ ត្រាំ មិនបានធ្វើការ​បញ្ជាក់អ្វីក៏ដោយ តែគេជឿជាក់ថា ប្រធានាធិបតីអាមេរិករូបនេះ អាចនឹងបញ្ចុះបញ្ចូល​វៀតណាម ​ឱ្យចូលរួមអនុវត្ត​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់កម្មវិធី​អាវុធនុយក្លេអ៊ែរ និងការបាញ់សាកល្បង​មីស៊ីលផ្លោង តាមទំនើងចិត្ត ដោយគ្មានទុកអន្តរជាតិក្នុងភ្នែក៕