(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមានការដាក់កំហិតលើកញ្ចប់ថវិកា ដែលបង្ខំឱ្យកងទ័ពអាកាសអាមេរិក កាត់បន្ថយចំនួនយន្ដហោះយោធាដឹកជញ្ជូនពីការប្រើប្រាស់ជាសកម្ម ក្រុមមន្ត្រីអាមេរិកគ្រោងនឹងបង្កើន ក៏ដូចជាដាក់ឱ្យដំណើរការ ប្រភេទយន្ដហោះយោធាដឹកជញ្ជូនធុន C-5M Super Galaxy ផលិតដោយ ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមនាយកទីបញ្ជាការចល័ត កងទ័ពអាកាសអាមេរិក នាយឧត្តមសេនីយ៍ Carlton Everhart ឲ្យដឹងថា ដោយសារតែការដាក់កំហិតលើកញ្ចប់ថវិកា យន្ដហោះយោធាដឹកជញ្ជូនអាមេរិក ត្រូវបានកាត់បន្ថយពាក់កណ្ដាលទៅ ៥៦គ្រឿង ក្នុងចំណោមយន្ដហោះ១១២គ្រឿង ដែលបាននិងកំពុងធ្វើ ប្រតិបត្តិការនារយៈពេលប៉ុន្មានឆ្នាំមកនេះ។
លោក Everhart បានបន្ថែមទៀតថា «លោកចង់បង្កើនចំនួនយន្ដហោះយោធាដឹកជញ្ជូន ពីព្រោះផ្អែកលើ តម្រូវការជាក់ស្ដែង និងដើម្បីបង្កើនក៏ដូចជាពង្រឹងសមត្ថភាព ក្នុងការទំនុកបម្រុងខាងវិស័យយោធា... ហើយការចល័តយន្ដហោះធុន C-5s គឺមានន័យថា យើងនៅតែមានយន្ដហោះយោធា ក៏ប៉ុន្តែបច្ចុប្បន្នយើងកំពុងបាត់បង់វិធានការ និងថវិកា ដើម្បីប្រតិបតិ្តការទាំងនេះ»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Lockheed Martin បានចាត់ទុកថា យន្ដហោះធុន C-5 Super Galaxy គឺជាប្រព័ន្ធចែកចាយអាវុធដោយផ្ទាល់ដ៏ល្អឥតខ្ចោះ របស់សហរដ្ឋអាមេរិក ដែលបង្កើតសក្តានុពល និងប្រសិទ្ធភាពខ្ពស់ សម្រាប់វិស័យដឹកជញ្ជូនយោធាអាមេរិក៕