(ហ្វីលីពីន)៖ មន្ត្រីយោធាហ្វីលីពីនមួយរូបបានឲ្យដឹងថា កងកម្លាំងទ័ពអាកាសហ្វីលីពីន បានធ្វើការទម្លាក់គ្រាប់បែកទៅលើទីក្រុង Marawi ភាគខាងត្បូងប្រទេស បណ្តាលឲ្យទាហាន ១១នាក់ស្លាប់ និង០៧នាក់ផ្សេងទៀតរងរបួស ក្នុងយុទ្ធនាការក្តៅដែលកងទ័ពរដ្ឋាភិបាលលោក ឌូតឺតេ កំពុងតែប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមភាគខាងត្បូង ដែលមានទំនោរគាំទ្រពួក ISIS អូសបន្លាយជាងមួយសប្តាហ៍មកហើយ។ នេះបើតាមការចេញដោយទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។
អ្នកនាំពាក្យយោធាហ្វីលីពីន Restituto Padilla បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក Marchetti S-211 បានធ្វើដំណើរទៅទម្លាក់គ្រាប់បែក លើមូលដ្ឋានរបស់ពួកសកម្មប្រយុទ្ធនៅក្នុងទីក្រុង Marawi នៅថ្ងៃពុធ ប៉ុន្តែវាបានធ្លោយទៅត្រូវលើមូលដ្ឋានយោធា ដែលជាប់គាំងនៅក្បែរមូលដ្ឋានរបស់ ពួកសកម្មប្រយុទ្ធនោះតែម្តង។ យន្តហោះខាងលើនេះ បានបំពេញបេសកកម្មជោគជ័យ ០៣លើកមកហើយ មុននឹងបង្កការថ្លោះធ្លោយលើកទី០១នេះ។
គួរបញ្ជាក់ថា យោធាហ្វីលីពីនកំពុងតែបើកការស៊ើបអង្កេត លើរឿងខាងលើនេះហើយ។ សង្គ្រាមប្រយុទ្ធ ប្រឆាំងនឹងក្រុមភេរវករសម្ព័ន្ធជាមួយពួកឧទ្ទាម អាប៊ូ សាយយ៉ាហ្វ និង ISIS ខាងលើនេះ ត្រូវបានអូសបន្លាយតាំងពីថ្ងៃអង្គារសប្តាហ៍មុន ខណៈដែលលោក ឌូតឺតេ បានចេញច្បាប់អាជ្ញាសឹកនៅភាគខាងត្បូង នៃកោះមីនណាដាវ ដែលមានទីក្រុង Marawi ជាចំណុចក្តៅគគុក៕