(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការស៊ើបអង្កេតសភាអាមេរិក បានចេញលិខិតបង្គាប់ឱ្យបង្ហាញខ្លួន ដល់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក មីស៊ីល ហ្លីន (Michael Flynn) និងមេធាវីឯកជនម្នាក់របស់ លោក ដូណាល់ ត្រាំ គឺលោក មីសែល កូហែន (Michael Cohen) នៅក្នុងក្របខណ្ឌ នៃការស៊ើបអង្កេតជុំវិញការជ្រៀតជ្រែក ចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ ពីសំណាក់ទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។
ការចេញលិខិតបង្គាប់ឱ្យបង្ហាញខ្លួនជាលើកដំបូង នៃគណៈកម្មាធិការស៊ើបអង្កេតសភាអាមេរិក គឺមានគោលបំណងឱ្យអ្នកទាំងពីរផ្ដល់សក្ខីកម្ម ព្រមទាំងឯកសារការងាររបស់ពួកគេ។ ដោយឡែក ជុំវិញបញ្ហានេះដែរក្នុងសេចក្ដីថ្លែងការណ៍មួយ លោក មីសែល កូណាវ៉េ (Michael Conaway) ជាសមាជិកសភារដ្ឋតិចសាស់ មកពីបក្សសាធារណៈរដ្ឋ និងសមាជិកសភារដ្ឋកាលីហ្វ័រញ៉ា នៃបក្សប្រជាធិបតេយ្យ លោក អាដំា ស៊ីហ្វ (Adam Schiff) ដែលជាសហប្រធាននៃគណៈកម្មាធិការស៊ើបអង្កេតនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាផ្នែកមួយ នៃកិច្ចបន្តការស៊ើបអង្កេតរបស់ពួកយើង លើការ ជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ នៅថ្ងៃនេះ (ថ្ងៃពុធម៉ោងនៅអាមេរិក) យើងបានអនុម័តលើលិខិតបង្គាប់ឱ្យចូលបង្ហាញ ខ្លួនសម្រាប់បុគ្គលជាច្រើននាក់ឱ្យផ្ដល់សក្ខីកម្ម រួមទាំងឯកសារការងាររបស់ពួកគេ... ដូច្នេះយើងសង្ឃឹម និងរំពឹងថា អ្នកទំាងអស់ដែលត្រូវបានកោះហៅ នឹងផ្ដល់សក្ខីកម្ម ក៏ដូចជាផ្ដល់ឯកសារទំាងឡាយ អនុឡោមតាមលិខិតបង្គាប់នេះ ដើម្បីឱ្យយើងអាចប្រមូលព័ត៌មានបន្ថែម លើការស៊ើបអង្កេត ហើយ យើងនឹងនៅតែបន្តស៊ើបអង្កេតគ្រប់ទីកន្លែង ផ្អែកលើភស្ដុតាង និងអង្គហេតុជាក់សែ្ដង»។
គួរបញ្ជាក់ថា ការចេញលិខិតបង្គាប់ឱ្យបង្ហាញខ្លួន របស់គណៈកម្មាធិការស៊ើបអង្កេតសភាអាមេរិក ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក មីសែល កូហែន បង្ហាញពីចេតនាមិនចង់សហការជាមួយសភាអាមេរិក៕