(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិក លោក Dan Sullivan បានអះអាងថា ការធ្វើតេស្តដោយជោគជ័យនូវប្រព័ន្ធបាញ់ទម្លាក់គ្រាប់មីស៊ីល ICBM របស់សហរដ្ឋអាមេរិក គឺជាសារយ៉ាងច្បាស់ផ្ញើទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីឲ្យបានដឹងពីសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបាញ់កម្ទេចមីស៊ីលគ្រប់ប្រភេទពីប្រទេសកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍របស់លោក Dan បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើតេស្តនេះ បានបង្ហាញយ៉ាងច្បាស់ដល់សត្រូវរបស់យើង ចំពោះប្រព័ន្ធមីស៊ីលដែលយើងបានបង្កើត នៅតែមានលទ្ធភាពខ្ពស់អាចការពារទឹកដីរបស់យើងបាន។ វាជារឿងសំខាន់ណាស់ សម្រាប់ប្រព័ន្ធមីស៊ីលដែលអាចការពារ អ្នកវិទ្យាសាស្ត្រ និងប្រជាជនអាមេរិកទាំងអស់»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោងឆ្លងទ្វីប បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសពីភាពជោគជ័យ នៃការធ្វើតេស្ដមីស៊ីលផ្លោងក៏ដូចជាអះអាងថា ខ្លួននឹងបន្ដអភិវឌ្ឍប្រព័ន្ធមីស៊ីលនេះឱ្យកាន់តែខ្លាំងក្លា ទុកជាកាដូផ្ញើជូនទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងការធ្វើតេស្ដនោះ យោធាអាមេរិកបានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ចេញពីតំបន់ Kwajalein Atoll នៃកោះ Marshall ឆ្ពោះទៅកាន់តំបន់ដែនទឹកនៃរដ្ឋ Alaska ហើយបន្ទាប់មកទើបពួកគេបាញ់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋ California ដោយ វាបានកម្ទេចយ៉ាងល្អឥតខ្ចោះគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបនេះ នៅត្រឹមពាក់កណ្ដាលផ្លូវលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា ការធ្វើតេស្ដប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលចំណាយលុយជិត២០០លានដុល្លារ របស់សហរដ្ឋអាមេរិក ធ្វើឡើងនៅចំពេលគេមើលឃើញថា កម្មវិធីមីស៊ីលផ្លោងឆ្លងទ្វីប និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងកាន់តែរីកចំរើនទៅមុខ ដែលនេះគឺជាក្ដីកង្វល់ និងជាការគំរាមកំហែងដ៏ធំដល់ផលប្រយោជន៍ និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក រួមទំាងសម្ព័ន្ធមិត្តដូចជាជប៉ុន និងកូរ៉េខាងត្បូង៕