(វ៉ាស៊ីនតោន)៖ នាយក FBI ត្រូវបណ្ដេញចេញពីតំណែង លោក ជែមស៍ ខូមី (James Comey) គ្រោងនឹងផ្ដល់សក្ខីកម្មជាសាធារណៈ នៅចំពោះ​មុខព្រឹទ្ធសភាអាមេរិក នៅដើមសប្ដាហ៍​ក្រោយនេះ ដើម្បីបកស្រាយ ក៏ដូចជាបញ្ជាក់ពី​ការចោទប្រកាន់​ដែលថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសុំឱ្យរូបលោកបញ្ឈប់ការស៊ើបអង្កេត​ លើទំនាក់ទំនង​រវាងអតីតទីប្រឹក្សា​សន្តិសុខជាតិ លោក មីសែល ហ្លីន ( Michael Flynn) ជាមួយនឹងមន្ត្រីរុស្ស៊ី។ នេះបើតាមប្រភពស្និទ្ធនឹងបញ្ហានេះ ដកស្រង់ដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមប្រភព​ខាងលើដដែល លោក ជែមស៍ ខូមី ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួន​នៅចំពោះមុខ​គណៈកម្មធិការ​ព្រឹទ្ធសភា ក្នុងក្របខណ្ឌ​នៃការស៊ើបអង្កេត​ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងក្រុមយុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់ លោក ដូណាល់ ត្រាំ និងទីក្រុងម៉ូស្គូ នៅអំឡុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ២០១៦។ ក៏ប៉ុន្តែ នៅពេលផ្ដល់​សក្ខីកម្មនោះដែរ អតីតនាយក FBI រូបនេះ ទំនងជា​នឹងមិនផ្ដោតសំខាន់​លើរឿងនេះទេ ពោលគឺលោក​អាចនឹងពិភាក្សា​ត្រឹមតែ ​ជុំវិញ​ភាពតានតឹង​នៃទំនាក់ទំនងរវាង លោកជាមួយ លោក ដូណាល់ ត្រាំ មុននឹងលោក​ត្រូវបញ្ចប់​តួនាទី​ប៉ុណ្ណោះ។  

គួរបញ្ជាក់ថា ដោយសារតែ​រឿងអាស្រូវ​នៃទំនាក់ទំនងជាមួយ​រុស្ស៊ី របស់ក្រុមមន្រ្តី លោក ដូណាល់ ត្រាំ វាបានធ្វើឱ្យមាន​ការបែកបាក់យ៉ាង​ខ្លាំង នៅក្នុងចំណោមអ្នកនយោបាយអាមេរិក ហើយក៏បានជំរុញ​ឱ្យប្រធានាធិបតី​អាមេរិករូបនេះ ចាត់ទុកផងដែរ​ថា ការផ្សាយព័ត៌មាន​ទាំងនេះ ដោយសារព័ត៌មាន​អាមេរិក​ដូចជា New York Times, Washington Post, និង​ CNN គឺជាព័ត៌មាន​ក្លែងក្លាយ​ ហើយព័ត៌មានក្លែងក្លាយ​គឺជាសត្រូវ៕