(វ៉ាស៊ីនតោន)៖ ទីបំផុតនាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានទៅដល់រដ្ឋធានី​វ៉ាស៊ីនតោន និងជួបពិភាក្សា​ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន ដែលជាសញ្ញាថា អតីតសត្រូវធ្លាប់ស៊ីសាច់ស្រស់​ឈាមស្រស់​ទាំងពីរ កំពុងព្យាយាម​កសាងសម្ព័ន្ធភាព ដើម្បីទប់ទល់​ឥទ្ធិពលមហាអំណាច​នៅតំបន់អាស៊ី នោះគឺប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយ ពីបណ្តាញព័ត៌មាន​អាមេរិក U.S News នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។

ជំនួបពិភាក្សាជាលើកដំបូងនៅអាមេរិក ដ៏គួរឲ្យចាប់អារម្មណ៍រវាងលោក ត្រាំ និង Phuc ក៏មានការចូលរួម​ដោយអនុប្រធានាធិបតី លោក Mike Pence ផងដែរ។ នៅក្នុងឱកាសនោះ លោក Phuc បានលើកឡើងថា «វៀតណាមបាន​យកឈ្នះឧបសគ្គ​ជាច្រើន នៅក្នុងការក្លាយខ្លួន​ជាប្រទេសដែលមាន​ទំនាក់ទំនងយ៉ាងល្អ និងដើម្បីក្លាយខ្លួន​ជាដៃគូយុទ្ធសាស្ត្រ​ គ្រប់ជ្រុងជ្រោយជាមួយអាមេរិក»។

នៅមុនកិច្ចប្រជុំ​ប្រព្រឹត្តទៅ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា លោកនឹងលើកយក​ប្រធានបទសំខាន់ៗ ក្នុងនោះក៏មានពាណិជ្ជកម្ម​ផងដែរ។ មេដឹកនាំអាមេរិក​បានអះអាងទៀតថា វៀតណាម​បានធ្វើការបញ្ជាទិញ​ក្នុងតម្លៃរាប់ពាន់​លានដុល្លារ ដែលវាមានន័យថា ជាការផ្តល់ការងារ​សម្រាប់អាមេរិក និងជាឧបករណ៍ ដ៏អស្ចារ្យរបស់​វៀតណាម ប៉ុន្តែលោក ត្រាំ មិនបាន​បញ្ជាក់ថា ការបញ្ជាទិញ​នោះជាអ្វីទេ។

គួរបញ្ជាក់ថា លោក Phuc ជាមេដឹកនាំប្រទេសអាស៊ានដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ចនៅអាមេរិក តបតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ហើយក្នុងនោះទីក្រុងវ៉ាស៊ីនតោនក៏បានអញ្ជើញនាយករដ្ឋមន្ត្រី​ថៃ, សិង្ហបុរី, និងប្រធានាធិបតីហ្វីលីពីន ព្រមជាមួយនិងឥណ្ឌូណេស៊ីផងដែរ ទៅបំពេញទស្សនកិច្ច ហើយវាប្រាកដណាស់ថា មានជាប់ពាក់ព័ន្ធនឹងបញ្ហា​សមុទ្រចិនខាងត្បូង៕