(អង់ការ៉ា)៖ កងកម្លាំងយោធាតួកគីសរុប ១៣នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកពួកគេជិះបានហោះទាក់ខ្សែភ្លើងដែលមានតង់ស្យុងខ្ពស់ បណ្តាលឲ្យធ្លាក់នៅភាគអាគ្នេយ៍ប្រទេសតែម្តង។ នេះបើការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។
ឧទ្ធម្ភាគចក្រខាងលើនេះមានលេខសម្គាល់ AS532 Cougar បានធ្លាក់បន្ទាប់ពីទើបហោះចេញពីមូលដ្ឋានយោធានៃស្រុក Sirnak ជាប់ព្រំដែនរវាងតួកគី និងអ៊ីរ៉ាក់ ដោយក្នុងនោះនាយទាហានទាំងអស់ ១៣នាក់បានបាត់បង់ជីវិតគ្មានសល់ម្នាក់នោះទេ កាលពីថ្ងៃពុធសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍ដោយយោធាក្នុងតំបន់ បានឲ្យដឹងយ៉ាងដូច្នេះថា «សមមិត្តជាវីរៈបុរសរបស់យើង ស្ថិតនៅក្នុងឧទ្ធម្ភាគចក្រដែលបានធ្លាក់»។
តាមការសន្និដ្ឋានតំណាក់កាលដំបូង ការធ្លាក់របស់ឧទ្ធម្ភាគចក្រនោះ គឺជាឧប្បទ្ទវហេតុ ហើយយោធាកំពុងតែបន្តការស៊ើបអង្កេតលើរឿងនេះទៀត។ អគ្គមេបញ្ជាយោធាប្រចាំតំបន់ លោកឧត្តមសេនីយ៍ Hulusi Akar បានធ្វើដំណើរទៅកាន់ទីកន្លែងកើតហេតុដោយផ្ទាល់ ដើម្បីធ្វើការស៊ើបអង្កេត ខណៈលោក Tayyip Erdogan ប្រធានាធិបតីតួកគី បានសម្តែងក្តីសោកស្តាយចំពោះគ្រោះថ្នាក់ខាងលើ និងស្នើឲ្យមានការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅក្នុងទីក្រុងអង់ការ៉ាផងដែរ៕