(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុននាពេលថ្មីៗនេះ បានសារភាពថារូបលោកធ្លាប់បានទទួលប្រាក់បៀរវត្សរ៍ គ្រឹះស្ថានសិក្សាមួយកន្លែង ដែល​​​ហ៊ុម​ព័ទ្ធ​ដោយ​រឿង​អាស្រូវ​ថា​ ទទួល​បាន​ការអនុគ្រោះពិសេសពីរដ្ឋាភិបាលជប៉ុន ដើម្បីបើកដំណើរការដេប៉ាតេម៉ង់ (Department) ថ្មីមួយនៅឯសាកល​វិទ្យាល័យមួយកន្លែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅយប់ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសភាជប៉ុនលោក ស៊ីនហ្សូ អាបេ បានឲ្យដឹងថា រូបលោកធ្លាប់បានទទួលប្រាក់ចំនួន១៤០,០០០យេន (១,២៦០ដុល្លារ) ក្នុងមួយឆ្នាំ​​កាល​ពីមានតួនាទីជាអ្នកមើលការខុសត្រូវនៅក្នុងវិទ្យាស្ថានអប់រំ Kake ដែលបច្ចុប្បន្នជាម្ចាស់គ្រប់គ្រងរបស់សាកវិទ្យាល័យវិទ្យសាស្រ្ត Okayama។ ​លោក អាបេ បាននិយាយថា «ខ្ញុំធ្លាប់បានបម្រើការនៅក្នុងវិទ្យាស្ថាន Kake អស់រយៈពេលប៉ុន្មានឆ្នាំដែរ បន្ទាប់ពីខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើស​​ជាលើកដំបូង ធ្វើជាសមាជិកនៃសភាតំណាងរាស្រ្តកាលពីឆ្នាំ១៩៩៣»។ ម៉្យាងវិញទៀត លោក Kotao Kake ដែលជាអគ្គនាយកនៃវិទ្យាស្ថាននេះ ត្រូវ​​បាន​គេ​ស្គាល់​ថា ​គឺជាមិត្តភក្តិដ៏ជិតស្និទ្ធម្នាក់របស់លោក អាបេ។

គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅនេះ សាកលវិទ្យាល័យ Okayama ដែលស្ថិតក្នុងខេត្ត Ehime ភាគលិចប្រទេសជប៉ុន ជាតំបន់​យុទ្ធសាស្រ្ត​សេដ្ឋ​​កិច្ច ពិសេសមួយរបស់ប្រទេសអាស៊ីខាងកើតមួយនេះនោះ ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ឲ្យធ្វើការកសាងដេប៉ាតេម៉ង់បសុពេទ្យថ្មី​មួយ។ ហើយវាគឺជា លើកទីមួយហើយក្នុងអំឡុងពេលប្រមាណជាកន្លះសតវត្សរ៍ចុងក្រោយនេះ ដែលរដ្ឋាភិបាលជប៉ុន បានអនុញ្ញាតឲ្យមានការ​បើកសាលា ឬដេប៉ាតេម៉ង់ផ្នែកបសុពេទ្យថ្មីបែបនេះ។

ជុំវិញរឿងនេះបក្សប្រឆាំងនៅជប៉ុន ក៏ដូចជាមជ្ឈដ្ឋានមួយចំនួនទៀត បានជឿជាក់ថាលោក​ ស៊ីនហ្សូ អាបេ ប្រហែល​ជា​បាន​ប្រើ​ប្រាស់​ឥទ្ធិ​ពល​របស់​លោក​ក្នុង​នាម​ជា​មេ​ដឹក​នាំ​ប្រទេស ទៅលើការសម្រេចចិត្តនេះ ដែលជារឿងលោក អាបេ ផ្ទាល់បានបដិសេធចោល។ ជាមួយគ្នានេះប្រធាន​​គណៈរដ្ឋមន្រ្តីលោក Yoshihide Suga ក៏បានចេញមុខលើកឡើងដែរថា «តើវាមានរឿងអ្វីខុសទៅ ដែលលោកនាយករដ្ឋមន្រ្តី ធ្លាប់បានបម្រើការ​ងារនៅក្នុងគ្រឹះស្ថានអប់រំមួយ ហើយទទួលបានប្រាក់កំរៃពីតួនាទីរបស់លោកនោះ»