(កូឡុំបូ)៖ ចំនួនមនុស្សស្លាប់ ដោយសារតែគ្រោះធម្មជាតិទឹកជំនន់ និងការបាក់ដីដ៏អាក្រក់នៅប្រទេសស្រីលង្កា បានកើនឡើងដល់ ២០២នាក់ហើយ ខណៈមនុស្ស៩៦នាក់បន្តបាត់ខ្លួន និងមនុស្សប្រមាណជា ៦០០,០០០នាក់ កំពុងរងផលប៉ះពាល់ជាទូទៅតែម្តងនៅទូទាំងប្រទេស។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា បានបញ្ជាក់ថា មនុស្ស៦៣នាក់ បានរងរបួស រីឯ៨៣,២០០នាក់ ផ្សេងទៀត កំពុង ស្នាក់នៅជម្រកបណ្ដោះអាសន្ន។ ដោយឡែក មកទល់ពេលនេះ ជំនួយអន្តរជាតិបានបញ្ជូនទៅកាន់ស្រីលង្កាជាបណ្ដើរហើយ ដោយកាលពីថ្ងៃចន្ទ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយមនុស្សធម៌សរុប ១៥លានយ័ន ស្មើនឹង ២.២លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសស្រីលង្កាដើម្បីជួយ សង្គ្រោះ មហន្តរាយក្នុងប្រទេសដីកោះនេះជាបន្ទាន់។
ជំនួយខាងលើនេះគឺរួមមានដូចជា តង់សម្រាប់ជ្រកកោណបណ្តោះអាសន្ន ភួយ និងសម្ភារៈសំខាន់ៗជាច្រើន ទៀតដែលជាតម្រូវការចាំបាច់។ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយផងដែរថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដោយចូលរួមចំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនស្រីលង្កាទាំងអស់ ដែលបានទទួលរងគ្រោះធម្មជាតិដ៏អាក្រក់បំផុតនេះ។
គួររំលឹកថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសស្រីលង្កា បានកើនដល់២០២នាក់គិតត្រឹមព្រឹកថ្ងៃពុធនេះ ហើយបើតាមក្រសួងបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិស្រីលង្កា ទន្លេចំនួន០៥ខ្សែបានជន់លិច ដោយសារតែការបន្តធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅតាមតំបន់មួយចំនួននៃប្រទេស ដែលជាហេតុបានបណ្តាលឲ្យមនុស្សជាង ៦០០,០០០នាក់ បានទទួលរងផលប៉ះពាល់ ខណៈផ្ទះប្រជាជន ៤៨,០០០ខ្នងរងការបំផ្លិចបំផ្លាញ៕