(រីយ៉ាដ)៖ ខ្មាន់កាំភ្លើងម្នាក់ បានធ្វើការបាញ់រះនៅសាលា Kingdom School ដែលស្ថិតក្នុងរដ្ឋធានីរីយ៉ាដ នៃព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមជ្ឈិមបូព៌ា បានធ្វើសេចក្តីរាយការណ៍ថាគ្រូបង្រៀនពីរនាក់បានបាត់បង់ជីវិត និងបុគ្គលិកម្នាក់ទៀតបានទទួលរងរបួស នៅក្នុងហេតុការណ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Sun នៅយប់ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងអារ៉ាប៊ី សាអូឌីត ដដែល ខ្មាន់កាំភ្លើងបានរត់គេចខ្លួនចេញពីសាលាខាងលើវិញ បន្ទាប់ពីបានបើកបាញ់ប្រហារទៅលើគ្រូបង្រៀននិងបុគ្គលិកមួយក្រុម ដែមមានវត្តមាននៅទីនោះ។ ក្រោយពេលកើតហេតុ អ្នកគ្រប់គ្រងជនជាតិអាមេរិកម្នាក់ រួមជាមួយនិងបុរសជនជាតិអារ៉ាប់ សាអូឌីត ម្នាក់ទៀត បានបាត់ជីវិត រីឯមនុស្សម្នាក់ទៀតក៏បានរងរបួសផងដែរ។
យ៉ាងណាមិញ ពុំមានវត្តមានសិស្សនៅកន្លែងកើតហេតុនោះឡើយ ដោយសារតែសាលា Kingdom School និងសាលារៀនដទៃទៀត នៅទូទាំងព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត កំពុងបិទទ្វារឈប់សម្រាកសម្រាប់វិស្សមកាលរដូវក្តៅ ដែលបានចាប់ផ្តើមតាំងពីមុនខែតបអាហាររ៉ាម៉ាឌនរបស់អ្នកកាន់សាសនាអ៊ីស្លាមទៅទៀត៕