(គូឡាឡាំពួ)៖ យន្តហោះអាកាសចរណ៍ម៉ាឡេស៊ីមួយគ្រឿង មានគោលដៅពីទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី ទៅកាន់ទីក្រុងគូឡាឡាំពួ បានបង្ខំចិត្តធ្វើការវិលត្រឡប់បកក្រោយទៅទីក្រុង Melbourne វិញ ដោយសារតែការរំខានរបស់អ្នកដំណើរម្នាក់ ដែលបានព្យាយាមចូលទៅក្នុងកន្លែងបើកបររបស់អាកាសយានិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
យន្តហោះដឹកអ្នកដំណើរខាងលើ បានហោះចាកចេញពីអាកាសយានដ្ឋាន Tullamarine ក្នុងទីក្រុង Melbourne នៃរដ្ឋ Victoria ប្រទេសអូស្រ្តាលីនាវេលាម៉ោង១១៖១១នាទីយប់ថ្ងៃពុធនេះ (ម៉ោងនៅអូស្រ្តាលី) ហើយគ្រោងនឹងមកដល់ទីក្រុងគូឡាឡាំពួនៅម៉ោង៥៖២៨នាទីព្រឹក (ម៉ោងនៅម៉ាឡេស៊ី)។ ក៏ប៉ុន្តែជើងហោះហើរ MH128 នេះ បានវិលត្រឡប់កាន់គោលដៅចេញដំណើរគឺទីក្រុង Melbourne វិញ បន្ទាប់ពីធ្វើដំណើរបានត្រឹមប្រមាណជា១០ទៅ២០នាទីតែប៉ុណ្ណោះ ហើយក៏បានចុះចតដោយសុវត្ថិភាពនៅម៉ោង១១៖៤១នាទីយប់។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MAS អាកាសយានិកបញ្ជាយន្តហោះបកក្រោយវិញ បន្ទាប់ពីទទួលបានដំណឹងពីបុគ្គិលបម្រើការលើយន្តហោះថា មានអ្នកដំណើរម្នាក់ព្យាយាមចូលទៅក្នុងកន្លែងបើកបរ។ MAS បានបញ្ជាក់ថា សុវត្ថិភាពនិងសន្តិសុខគឺជាអាទិភាពដ៏ចម្បងបំផុត របស់អាកាសចរណ៍។ យ៉ាងណាមិញ បន្ទាប់ពីបានចុះចតដោយសុវត្ថិភាព យន្តហោះដឹកអ្នកដំណើរ MH128 កំពុងតែរងចាំក្រុមជំនួយផ្នែកសន្តិសុខ៕