(ពិភពលោក)៖ នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបាញ់សាកល្បង ដោយជោគជ័យប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោងឆ្លងទ្វីប តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសពីភាពជោគជ័យនៃការធ្វើតេស្ដមីស៊ីលផ្លោងប្រភេទ Scud កាលពីថ្ងៃចន្ទ ខណៈមេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បញ្ជាឱ្យកងទ័ពកូរ៉េខាងជើង បន្ដអភិវឌ្ឍប្រព័ន្ធមីស៊ីលនេះ ឱ្យកាន់តែខ្លាំងក្លា ទុកជាកាដូផ្ញើជូនទីក្រុងវ៉ាស៊ីនតោន៕
២៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកលើរថយន្តដ៏កក្រើក នៅទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ស្ថិតនៅតំបន់ក្បែរស្ថានទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់ នៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានបណ្តាលឲ្យមនុស្សស្លាប់ ៨០នាក់ និងរងរបួសសរុប ៣៥០នាក់។ ភ្លាមៗពុំ ទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ តែគេដឹងថាក្រុមតាលីបង់ ឬក៏ ISIS តែតែងដឹកនាំការវាយប្រហាររបៀបនេះ នៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន៕
៣៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថាគ្រាប់មីស៊ីលចំនួន០៤គ្រាប់ ប្រភេទ Kalibrត្រូវបានបាញ់ចេញពីនាវាមុជទឹក Krasnodar ទៅលើមូលដ្ឋាន របស់ក្រុម ISIS នៅក្បែរទីក្រុងផាល់មីរ៉ា ក្នុងទឹកដីស៊ីរី ដោយបានបំផ្លាញគ្រឿងសព្វាវុធ និងអាយុជីវិតសមាជិកភេរវករជាច្រើន៕
៤៖ ស្រ្ដីឈ្មោះ ជុង យ៉ូរ៉ា (Chung Yoo-ra) ជាកូនស្រីរបស់លោកស្រីឆយ ស៊ូនស៊ីល ដែលជាមនុស្សសំខាន់ម្នាក់ក្នុងសំណុំរឿងពុករលួយនយោបាយ ដែលធ្វើឱ្យអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ត្រូវទម្លាក់ចេញពីតំណែង និងកំពុងជាប់ឃុំ ត្រូវបានចាប់ខ្លួន ហើយនៅលើ យន្ដហោះឆ្ពោះមកកាន់កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ និងបញ្ជូនទៅកាន់ការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល ដើម្បីសួរចម្លើយ៕
៥៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោកស្រី Tomomi Inada បានស្នើឲ្យសហរដ្ឋអាមេរិក លុបចោលការធ្វើសមយុទ្ធទ័ពឆ័ត្រយោង ដែលគ្រោងនឹងប្រព្រឹត្ត ទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣១ ខែឧសភានេះដល់ថ្ងៃទី០១ ខែមិថុនា នៅកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន។ ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនពុំបានធ្វើការឆ្លើយតបវិញឡើយ៕
៦៖ ប្រធានផ្នែកសម្របសម្រួល នៃជំនួយសង្គ្រោះបន្ទាន់ របស់អង្គការសហប្រជាជាតិ លោក Stephen O'Brien បាននិយាយថា ជនស៊ីវីលស៊ីរី យ៉ាងហោចណាស់ជាង ១០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកដោយកងកម្លាំងចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិកនៅខេត្ត Raqqa និង Deir ez-Zor នៃប្រទេសស៊ីរី តែអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ៕