(ពិភពលោក)៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតលើរថយន្តដ៏កក្រើក នៅទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ស្ថិតនៅតំបន់ក្បែរស្ថានទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់ នៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានបណ្តាលឲ្យមនុស្សស្លាប់ ៨០នាក់ និងរងរបួសសរុប ៣៥០នាក់ ខណៈក្រុមឧទ្ធាម ISIS ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ នេះបើតាមការ​សរុបព្រឹត្តិការណ៍​ទាំងមូលពីស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។

ខាងក្រោមនេះជាសោកនាដកម្ម ដែលបង្កឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតលើរថយន្ត នៅតំបន់ប្រជុំជននៃទីក្រុងកាប៊ុល៖

* សរុបតួលេខចុងក្រោយ ចេញផ្សាយដោយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ការបំផ្ទុះគ្រាប់បែកលើ​រថយន្តដ៏កក្រើកនៅទីក្រុងកាប៊ុល ស្ថិតនៅតំបន់ក្បែរស្ថានទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់បានបណ្តាលឲ្យមនុស្សស្លាប់ ៨០នាក់ និងរងរបួស ៣៥០នាក់។

* ក្នុងចំណោមមនុស្សស្លាប់ និងរងរបួសសទាំង ៤៣០នាក់ ក៏មានអ្នករាយការណ៍ព័ត៌មាន​ម្នាក់របស់បណ្តាញទូរទស្សន៍ BBC អង់គ្លេស និង បុគ្គលិកស្ថានទូតអាល្លឺម៉ង់​ម្នាក់​រងរបួស ខណៈបុគ្គលិកម្នាក់ទៀតរបស់​ស្ថានីយ៍ទូរទស្សន៍ TOLOnews TV របស់ក្រុមហ៊ុនផ្សព្វផ្សាយ Moby មានបេសកកម្ម​នៅអាហ្វហ្គានីស្ថានបានស្លាប់។

* បន្ថែមពីនេះទៀត​រថយន្តជាច្រើនគ្រឿង ក៏បានផ្ទុះឆេះ​ជាមួយនឹងរថយន្តដែលរងការបំផ្ទុះគ្រាប់បែក​អត្តឃាតនៅពាសពេញ​ផ្លូវផងដែរ ស្ថិតនៅក្បែរទីលាន Zanbaq កណ្តាលទីក្រុងកាប៊ុលតែម្តង ខណៈដែលចំនួនមនុស្សស្លាប់ ត្រូវបានសារព័ត៌មាននានាចេញផ្សាយ តាំងពីលើកដំបូងមានចំនួន​០៩នាក់ រហូតដល់ចុងក្រោយ​មនុស្ស​ស្លាប់សរុប រហូតដល់ ៨០នាក់ និង៣៥០នាក់រងរបួស។

* ISIS បានប្រកាសថា ជាអ្នកវាយប្រហារករណីបំផ្ទុះគ្រាប់បែកនេះ។ ក្រុមភេរវករ ISIS គឺជាក្រុមមានឥទ្ធិពលខ្លាំងនៅស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានផងដែរ។

* វាជាករណីផ្ទុះដែលសម្លាប់មនុស្សច្រើនខ្លាំងណាស់ ប្រចាំឆ្នាំ២០១៧នេះ នៅអាហ្វហ្គានីស្ថាន ដែលបានកើតមានឡើងមិនបានប៉ុន្មានថ្ងៃផង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ជីម ម៉ាត់ទិស ព្រមានថា នៅឆ្នាំ២០១៧នេះ អាចជាឆ្នាំដែលមាន​ការប្រឈមមុខគ្នា​ដ៏ក្តៅគគុកបន្ថែមទៀត រវាងកងកម្លាំងបរទេស ក៏ដូចជាអាហ្វហ្គានីស្ថាន ចំពោះមុនការវាយប្រហារ​ដោយភេរវកម្មជាច្រើនករណី៕