(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោកស្រី Tomomi Inada បានស្នើឲ្យសហរដ្ឋអាមេរិកលុបចោលការធ្វើសមយុទ្ធទ័ពឆ័ត្រយោង ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣១ ខែឧសភានេះដល់ថ្ងៃទី០១ ខែមិថុនា នៅកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនពុំបានធ្វើការឆ្លើយតបវិញឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី Inada បានថ្លែងថា «យើងបានស្នើដល់សហរដ្ឋអាមេរិក ឲ្យលុបចោលការធ្វើសមយុទ្ធនេះ ក៏ប៉ុន្តែនាខណៈពេលនេះ ពួកយើងមិនទាន់បានទទួលការឆ្លើយតប ពីសំណាក់ទីក្រុងវ៉ាស៊ីនតោននៅឡើយទេ»។ លោកស្រីរដ្ឋមន្រ្តីការពារជាតិជប៉ុន បានឲ្យដឹងថែមទៀតថា អាមេរិកក៏មិនបានផ្តល់ដំណឹងអំពីការធ្វើសមយុទ្ធនេះ ឲ្យដឹងភាគីទីក្រុងតូក្យូបានដឹងមួយសប្តាហ៍មុនផងដែរ ទោះបីជានេះគឺលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងការពារជាតិរវាងប្រទេសទាំងពីរយ៉ាងណាក្តី។
គួរបញ្ជាក់ថា កោះអូគីណាវ៉ាគឺទីតាំងស្នូលដ៏សំខាន់ នៃវត្តមានរបស់កម្លាំងយោធាអាមេរិក នៅក្នុងប្រទេសជប៉ុនក្រោមក្របខណ្ឌ នៃសន្ធិសញ្ញាសន្តិសុខអាមេរិក-ជប៉ុន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥១៕