(កាប៊ុល)៖ អ្នករាយការណ៍ព័ត៌មានម្នាក់របស់បណ្តាញទូរទស្សន៍ BBC អង់គ្លេស និង បុគ្គលិកស្ថានទូតអាល្លឺម៉ង់​ម្នាក់​រងរបួស ខណៈបុគ្គលិកម្នាក់ទៀតរបស់​ស្ថានីយ៍ទូរទស្សន៍ TOLOnews TV របស់ក្រុមហ៊ុនផ្សព្វផ្សាយ Moby មានបេសកកម្ម​នៅអាហ្វហ្គានីស្ថានបានស្លាប់ នៅក្នុងករណីបំផ្ទុះរថយន្ត​អត្តឃាតដ៏កក្រើក ក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាស៊ីខាងត្បូងមួយនេះទាំងព្រឹក។ នេះបើតាម​ការចេញផ្សាយ​​ដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកលើរថយន្តដ៏កក្រើក នៅទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ស្ថិតនៅតំបន់ក្បែរស្ថានទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់ នៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានបណ្តាលឲ្យមនុស្សស្លាប់ ៨០នាក់ និងរងរបួសសរុប ៣៥០នាក់ ខណៈមិនទាន់មាន​អះអាងពីក្រុមណាមួយ ជាអ្នកស្ថិតនៅពីក្រោយវាយប្រហារនេះឡើយ។

ទោះបីជាមិនទាន់​មានការបញ្ជាក់ពី​សមត្ថកិច្ចអាហ្វហ្គានីស្ថានក៏ដោយ ក៏ជាទូទៅគេបានដឹងថា ការវាយប្រហារ​របៀបៗនេះ តែងតែបង្កឡើងដោយក្រុមតាលីបង់ ឬអាចជា ISIS ក៏ថាបាន។ បន្ថែមពីនេះទៀត​រថយន្តជាច្រើនគ្រឿង ក៏បានផ្ទុះឆេះ​ជាមួយនឹងរថយន្តដែលរងការបំផ្ទុះគ្រាប់បែក​អត្តឃាតនៅពាសពេញ​ផ្លូវផងដែរ។ កាលពីពេលថ្មីៗ​នេះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិកធ្លាប់បានព្រមានថា នៅឆ្នាំ២០១៧នេះ អាចជាឆ្នាំដែលមាន​ការប្រឈមមុខគ្នា​ដ៏ក្តៅគគុកបន្ថែមទៀត រវាងកងកម្លាំងបរទេស ក៏ដូចជាអាហ្វហ្គានីស្ថាន ចំពោះមុនការវាយប្រហារ​ដោយភេរវកម្មជាច្រើនករណី ក្នុងប្រទេស​អាស៊ីខាងត្បូង​មួយនេះ៕