(បាងកក)៖ អាជ្ញាធរថៃកំពុងធ្វើការស៊ើបអង្កេតលើគ្រាប់បែកបំពង់មួយ ដែលត្រូវបានគេរកឃើញ នៅក្បែរមជ្ឈមណ្ឌលវប្បធម៌ MRT ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាននៅក្នុងស្រុក គ្រាប់បែកនេះត្រូវបានគេរកឃើញនៅក្នុងសង្កាត់ Huai Kwang ស្ថិតនៅក្បែផ្លូវ Ratchadaphisek ដោយដំបូងឡើយអ្នកបើកម៉ូតូឌុប ម្នាក់បានប្រទះឃើញវត្ថុសង្ស័យម្យ៉ាង និងបានរាយការណ៍ទៅអាជ្ញាធរនៅម៉ោងប្រមាណ ២៖០០នាទីរសៀល ហើយ ៩០នាទី បន្ទាប់ទើបក្រុមអ្នកដោះគ្រាប់បែក បានចុះទៅដល់កន្លែង។
គួរបញ្ជាក់ថា បើតាមប៉ូលិសថៃពួកគេកំពុងតាមស្វែងរកបុរសពីរនាក់ ខណៈការរកឃើញគ្រាប់បែកបំពង់នេះ កើតឡើងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយមានហេតុការណ៍ផ្ទុះគ្រាប់បែក បង្កឱ្យមនុស្ស២១នាក់រងរបួស នៅឯមន្ទីរពេទ្យ Mongkut ក្នុងទីក្រុងបាងកក៕