(កាប៊ុល)៖ បំផ្ទុះគ្រាប់បែកលើរថយន្តដ៏កក្រើក នៅទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ស្ថិតនៅតំបន់ក្បែរស្ថានទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់ នៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានបណ្តាលឲ្យមនុស្សស្លាប់ ៨០នាក់ និងរងរបួសសរុប ៣៥០នាក់ ខណៈមិនទាន់មានអះអាងពីក្រុមណាមួយ ជាអ្នកស្ថិតនៅពីក្រោយវាយប្រហារនេះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នារសៀលថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
ទោះបីជាមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចអាហ្វហ្គានីស្ថានក៏ដោយ ក៏ជាទូទៅគេបានដឹងថា ការវាយប្រហាររបៀបៗនេះ តែងតែបង្កឡើងដោយក្រុមតាលីបង់ ឬអាចជា ISIS ក៏ថាបាន។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញផ្សែងខ្មៅអណ្តែតឡើងខ្មួលខ្មាញ់ពេញផ្ទៃមេឃ។ ប៉ូលិសបានអះអាងថា មនុស្សស្លាប់ ឬរងរបួសមាន ៤៣០នាក់ហើយ ដោយក្នុងនោះរាប់រយនាក់កំពុងសម្រាកនៅមន្ទីរពេទ្យ។
បន្ថែមពីនេះទៀតរថយន្តជាច្រើនគ្រឿង ក៏បានផ្ទុះឆេះជាមួយនឹងរថយន្តដែលរងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅពាសពេញផ្លូវផងដែរ។ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកធ្លាប់បានព្រមានថា នៅឆ្នាំ២០១៧នេះ អាចជាឆ្នាំដែលមានការប្រឈមមុខគ្នាដ៏ក្តៅគគុកបន្ថែមទៀត រវាងកងកម្លាំងបរទេស ក៏ដូចជាអាហ្វហ្គានីស្ថាន ចំពោះមុនការវាយប្រហារដោយភេរវកម្មជាច្រើនករណី ក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ៕