(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា គ្រាប់មីស៊ីលចំនួន០៤គ្រាប់ប្រភេទ Kalibr ត្រូវបានបាញ់ចេញពីនាវាមុជទឹករបស់ កងប្រតិបត្តិការនាវាចម្បាំង Admiral Essen ដោយប្រើប្រាស់នាវាមុជទឹក Krasnodar ទៅលើមូលដ្ឋានរបស់ក្រុម ISIS នៅក្បែរទីក្រុង ផាល់មីរ៉ា ក្នុងទឹកដីស៊ីរី ដែលរុស្ស៊ីបានអះអាងថា បានបំផ្លាញគ្រឿងសព្វាវុធ និងអាយុជីវិតសមាជិកភេរវករជាច្រើន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ សារព័ត៌មាន RT នារសៀលថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
ការវាយប្រហារខាងលើនេះ បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ីប្រកាសថា ខ្លួនបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូនៅអឺរ៉ុប ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដែលជាបញ្ហាដ៏សំខាន់បំផុត។
ថ្លែងក្នុងបទសម្ភាសន៍មួយរបស់ សារព័ត៌មានបារាំង Le Figaro ដែលត្រូវបានចេញផ្សាយនាថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានលើកឡើងថា ទោះបីជាវាមានការលំបាកយ៉ាងណាក្តី សម្រាប់រុស្ស៊ីក្នុងការបង្កើតកិច្ចសន្ទនាជាមួយបណ្តាដៃគូអឺរ៉ុបរបស់ខ្លួន ដោយសារតែការផ្លាស់ប្តូរគោលជំហររបស់ពួកគេនោះ ទីក្រុងម៉ូស្គូបានត្រៀមលក្ខណៈរួចជាស្រេចដើម្បី ធ្វើកិច្ចសហប្រតិបត្តិការជាមួយពួកគេ។
គួរបញ្ជាក់ដែរថា ទោះបីជានៅក្នុងជំនួបលើកទីមួយរវាង លោក ពូទីន និងប្រធានាធិបតីបារាំងថ្មី លោក Emmanuel Macron កាលពីដើមសប្តាហ៍នេះ មេដឹកនាំនៃប្រទេសទាំងពីរ មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនក៏ដោយទីក្រុងម៉ូស្គូ និងទីក្រុងប៉ារីសបានប្ដេជ្ញាចិត្តធ្វើកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិនៅស៊ីរី ភាគខាងកើតប្រទេសអ៊ុយក្រែន និងតំបន់ឧបទ្វីបកូរ៉េ ព្រមទំាងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ៕