(កាប៊ុល)៖ បំផ្ទុះគ្រាប់បែកលើរថយន្តដ៏កក្រើក នៅទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ស្ថិតនៅតំបន់ក្បែរស្ថានទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់ នៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានបណ្តាលឲ្យមនុស្សស្លាប់ជាង ៤០នាក់ និងរងរបួសសរុបជាង ៣០០នាក់ ខណៈមិនទាន់មាន​អះអាងពីក្រុមណាមួយ ជាអ្នកស្ថិតនៅពីក្រោយវាយប្រហារនេះឡើយ។ នេះបើតាមការ​ចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។

ទោះបីជាមិនទាន់​មានការបញ្ជាក់ពី​សមត្ថកិច្ចអាហ្វហ្គានីស្ថានក៏ដោយ ក៏ជាទូទៅគេបានដឹងថា ការវាយប្រហារ​របៀបៗនេះ តែងតែបង្កឡើងដោយក្រុមតាលីបង់ ឬអាចជា ISIS ក៏ថាបាន។ សាក្សីនៅកន្លែងកើតហេតុ​បានឲ្យដឹងថា គេឃើញផ្សែងខ្មៅអណ្តែតឡើងខ្មួលខ្មាញ់ពេញផ្ទៃមេឃ ប៉ុន្តែប៉ូលិសបានអះអាងថា មនុស្សស្លាប់ ឬរងរបួសមានមិនក្រោម ៣០០នាក់ ដោយក្នុងនោះរាប់រយនាក់កំពុងសម្រាកនៅមន្ទីរពេទ្យ។

បន្ថែមពីនេះទៀត​រថយន្តជាច្រើនគ្រឿង ក៏បានផ្ទុះឆេះ​ជាមួយនឹងរថយន្តដែលរងការបំផ្ទុះគ្រាប់បែក​អត្តឃាតនៅពាសពេញ​ផ្លូវផងដែរ។ កាលពីពេលថ្មីៗ​នេះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិកធ្លាប់បានព្រមានថា នៅឆ្នាំ២០១៧នេះ អាចជាឆ្នាំដែលមាន​ការប្រឈមមុខគ្នា​ដ៏ក្តៅគគុកបន្ថែមទៀត រវាងកងកម្លាំងបរទេស ក៏ដូចជាអាហ្វហ្គានីស្ថាន ចំពោះមុនការវាយប្រហារ​ដោយភេរវកម្មជាច្រើនករណី ក្នុងប្រទេស​អាស៊ីខាងត្បូង​មួយនេះ៕