(សេអ៊ូល)៖ ស្រ្ដីឈ្មោះ ជុង យ៉ូរ៉ា (Chung Yoo-ra) ជាកូនស្រីរបស់លោកស្រី ឆយ ស៊ូនស៊ីល ដែលជាមនុស្សសំខាន់ម្នាក់ ក្នុងសំណុំរឿងពុករលួយនយោបាយ ដែលធ្វើឱ្យមិត្តជិតស្និទ្ធរបស់ខ្លួនគឺលោកស្រី ផាក គឺនហេ ត្រូវទម្លាក់ចេញពីតំណែង និងកំពុងជាប់ឃុំត្រូវបានចាប់ខ្លួនហើយនៅលើយន្ដហោះ ឆ្ពោះមកកាន់កូរ៉េខាងត្បូង នៅថ្ងៃពុធនេះបន្ទាប់ពីអាជ្ញាធរ ដាណឺម៉ាក ទទួលយកការធ្វើបត្យាប័នកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
ជុំវិញការចាប់ខ្លួននេះដែរ អាជ្ញាធរយុត្តិធម៌កូរ៉េខាងត្បូងបានបញ្ជាក់ថា នាង ជុង យ៉ូរ៉ា អាយុ២១ឆ្នាំ ត្រូវបានចាប់ខ្លួនដោយក្រុមរដ្ឋអាជ្ញា នៅលើជើងហោះហើរមួយពីទីក្រុង Amsterdam ប្រទេសហូឡង់ មកកាន់ទីក្រុងសេអ៊ូល ក្រោយត្រូវបានធ្វើបត្យាប័នពីដាណឺម៉ាក នៅព្រឹកថ្ងៃពុធនេះ។ នាង ជុង យ៉ូរ៉ា ត្រូវបានគេដាក់ឱ្យអង្គុយនៅកៅអីខាងក្រោយគេបំផុត ដោយមានសមត្ថកិច្ចនៅអមទំាងសងខាងនៅលើយន្ដហោះ ខណៈយន្ដហោះនេះនឹងមក ដល់អាកាសយានដ្ឋានទីក្រុងអ៊ីនឈ័ន (Incheon) នៅម៉ោង ១៥៖០២នាទីរសៀលថ្ងៃពុធនេះ (ម៉ោងនៅក្នុងតំបន់)។
គួរបញ្ជាក់ថា នាង ជុង យ៉ូរ៉ា ត្រូវបានអាជ្ញាធរដាណឺម៉ាក ចាប់ខ្លួនកាលពីថ្ងៃទី០១ ខែមករា ២០១៧ នៅទីក្រុង Aalborg នៃប្រទេសដាណឺម៉ាក ជាទីដែលរូបនាងសម្ងំលាក់ខ្លួនអស់មួយរយៈ។ ដោយឡែក បើតាមការគ្រោងទុក នៅពេលមកដល់កូរ៉េខាងត្បូង ស្រ្តីវ័យក្មេងរូបនេះនឹងត្រូវបញ្ជូនបន្តទៅ កាន់ការិយាល័យរដ្ឋអាជ្ញា ដើម្បីសួរចម្លើយពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយនយោបាយ ឆយស៊ូន ស៊ីល និងការលាងលុយកខ្វក់ ក៏ដូចជាលាក់បាំងទ្រព្យសម្បត្តិនៅឯបរទេស៕