(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ បានបាញ់សាកល្បងដោយជោគជ័យ នូវប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោងឆ្លងទ្វីបជាលើកដំបូង មិនធ្លាប់មានក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ ប៉ុន្តែក្រុមអ្នកជំនាញមួយចំនួនយល់ថា ទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាកំពុងប្រញាប់ប្រញាល់អភិវឌ្ឍន៍ សមត្ថភាពប្រព័ន្ធស្ទាក់ចាប់មីស៊ីលឆ្លងទ្វីប ឱ្យបានមុនកូរ៉េខាងជើង ផលិតបានមីស៊ីលផ្លោងឆ្លងទ្វីប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់ សហរដ្ឋអាមេរិកនៅឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងការធ្វើតេស្ដកាលពីថ្ងៃអង្គារ យោធាអាមេរិកបានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ចេញពីតំបន់ Kwajalein Atoll នៃកោះ Marshall ឆ្ពោះទៅកាន់ដែនទឹកនៃរដ្ឋ Alaska ហើយបន្ទាប់មក ទើបពួកគេបាញ់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋ California ដោយវាបានកម្ទេចយ៉ាងល្អឥតខ្ចោះ ទៅលើគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបនេះ នៅត្រឹមពាក់កណ្ដាលផ្លូវ លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក។
យ៉ាងណាក៏ដោយ យោធាអាមេរិកមិនបានទទួលឡើយថា ការរីកចំរើនទៅមុខនៃកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជាមូលហេតុជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ពន្លឿនការធ្វើតេស្ដប្រព័ន្ធស្ទាក់ចាប់មីស៊ីលនេះ ឬយ៉ាងណានោះទេ។ ក្រុមអ្នកជំនាញគិតថា មូលហេតុនេះអាចទៅរួច ត្បិតការធ្វើតេស្ដនេះ មិនមែនជារឿងចៃដន្យឡើយ ពោលគឺវាកើតឡើងនៅចំពេលទីក្រុងព្យុងយ៉ាង ចេះតែគំរាមវាយប្រហារលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដូចជាកូរ៉េខាងត្បូង និងជប៉ុន។
ម្យ៉ាងវិញទៀតសហរដ្ឋអាមេរិក ក៏ដឹងច្បាស់នៅក្នុងចិត្តដែរថា បើសិនជាកូរ៉េខាងជើងផលិតបានមីស៊ីលផ្លោងឆ្លងទ្វីប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នោះវានឹងក្លាយជាគ្រោះថា្នក់ដ៏បំផុត ដល់ផលប្រយោជន៍អាមេរិកនៅក្នុងតំបន់។ ដូច្នេះការធ្វើតេស្ដប្រព័ន្ធស្ទាក់ចាប់មីស៊ីលនេះនឹងធ្វើឱ្យ សហរដ្ឋអាមេរិកប្រាកដនៅក្នុងចិត្តថា មីស៊ីលផ្លោងឆ្លងទ្វីបកូរ៉េខាងជើង មិនអាចធ្លាក់លើទឹកដីអាមេរិក ហើយក៏មិនអាចធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួនដែរ ដរាបណាមានឆ័ត្រការពារនុយក្លេអ៊ែរ ដូចជាប្រព័ន្ធស្ទាក់ចាប់មីស៊ីលនេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើតេស្ដ ប្រព័ន្ធស្ទាក់មីស៊ីលផ្លោងឆ្លងទ្វីប ICBM នៅថ្ងៃអង្គារ តែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ទីក្រុងព្យុងយ៉ាង អះអាងពីភាពជោគជ័យ នៃការបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទ Scud កាលពីថ្ងៃចន្ទ ខណៈលោក គីម ជុងអ៊ុន បញ្ជាឱ្យកងទ័ពកូរ៉េខាងជើងបន្តអភិវឌ្ឍន៍មីស៊ីល ប្រភេទនេះឱ្យកាន់តែខ្លាំង ដើម្បីទុកជាអំណោយដ៏ធំផ្ញើជូនទីក្រុងវ៉ាស៊ីនតោន៕