(យូអិន)៖ ប្រធានផ្នែកសម្របសម្រួល នៃជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ លោក Stephen O'Brien បាននិយាយថា ជនស៊ីវីលស៊ីរីយ៉ាងហោចណាស់ជាង ១០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកដោយកងកម្លាំងចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិកនៅខេត្ត Raqqa និង Deir ez-Zor នៃប្រទេសស៊ីរី តែអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
លោក Stephen O'Brien បានថ្លែងនៅក្នុងចំពោះមុខកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃអង្គារសប្តាហ៍នេះថា «គ្រាន់តែមួយសប្តាហ៍មុននេះប៉ុណ្ណោះ ក្មេងៗ និងស្ត្រី៣០នាក់បន្ថែមទៀត បានទទួលរងរបួស ដោយសារតែការទម្លាក់គ្រាប់បែក លើមូលដ្ឋាន ISIS ក្នុងខេត្ត Deir ez-Zor។ សរុបនៅសប្តាហ៍មុនៗទៀត ស្ត្រី និងកុមាររាប់រយនាក់ហើយ បានទទួលរងគ្រោះដោយសារតែការទម្លាក់គ្រាប់បែករបស់កងទ័ពសម្ព័ន្ធមិត្ត ដឹកនាំដោយអាមេរិកទៅលើបណ្តាខេត្តនានា នៅភាគឦសានស៊ីរី»។
គួរបញ្ជាក់ថា តំបន់ដែលបានទទួលរងការវាយប្រហារ និងបណ្តាលឲ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត ច្រើនជាងគេបំផុតនោះ គឺទីក្រុង Raqqa និង Al Bukamal ដែលជនស៊ីវិលសរុប ៥១នាក់បានស្លាប់ និងរាប់រយនាក់ទៀតរងរបួស។ សហរដ្ឋអាមេរិក បាននិងកំពុងដឹកនាំកងទ័ពចំរុះមកពី ៦៨ប្រទេស ធ្វើការវាយប្រហារលើមូលដ្ឋានភេរវករ ISIL ឬ ISIS នៅក្នុងប្រទេសស៊ីរី ហើយក៏បានផ្តល់ការគាំទ្រទៅលើ កងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ប្រឆាំងនឹងរដ្ឋាភិបាល លោក បាហ្សា អាល់ អាស្សាដ ផងដែរ៕