(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យបណ្ដាមេដឹកនាំពិភពលោក ក្រុមហ៊ុន ឬសហគ្រាស និងសង្គមស៊ីវិល ទំាងអស់គាំទ្រដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ខណៈសហរដ្ឋអាមេរិក ដែលជាប្រទេសបំពុលពិភពលោកធំជាងគេមួយ នឹងត្រូវបង្ហាញពីគោលជំហររបស់ខ្លួននៅក្នុងសប្ដាហ៍នេះ ថាគួរ ឬមិនគួរចាកចេញពីកិច្ចព្រមព្រៀងនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងសុន្ទរកថាជាលើកដំបូងស្ដីពីអាកាសធាតុ លោក Guterres បានសន្យាថា លោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងកំរិតខ្ពស់បំផុត ដើម្បីចូលរួមចំណែកទប់ស្កាត់ការកើនឡើងកម្ដៅផែនដី។ «កិច្ចព្រមព្រៀងប៉ារីស គឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ប៉ុន្តែវាហាក់ដូចជាមិនទៅមុខទាល់តែសោះ ក្នុងការប្ដេជ្ញាចិត្តទប់ស្កាត់មិនឱ្យកម្ដៅផែនដី កើនឡើងលើស០២អង្សាសេបន្ថែមទៀត»។ នេះបើតាមសម្ដី លោក Antonio Guterres ថ្លែងនៅទៅកាន់ក្រុមនិស្សិតនៃសាកលវិទ្យាល័យទីក្រុងញូយ៉ក។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានប្រទេសចំនួន១៩៦អនុម័ត ក្នុងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៦ តែរហូតមកទល់បច្ចុប្បន្ន ប្រទេសជាភាគីហត្ថលេខីចំនួន១៤៧ ឬស្មើនឹង៨២ភាគរយនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅទូទាំងពិភពលោក បានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ៕