(ញូយ៉ក)៖ សហរដ្ឋអាមេរិក និងប្រទេសចិនកំពុងតែធ្វើការចរចាគ្នានៅឡើយ អំពីពេលវេលាដ៏សមគួរមួយដែលនឹងត្រូវយកមករៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដើម្បីរៀបចំទណ្ឌកម្មថ្មីបន្ថែមទៀត ដាក់លើប្រទេសកូរ៉េខាងជើង ជាការឆ្លើយតបទៅនឹងការធ្វើតេស្តមីស៊ីលឥតឈប់ឈរ បំពាននឹងបំរាមរបស់អន្តរជាតិ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាននិយាយនៅថ្ងៃអង្គារថា វាត្រូវតែមានការគិតគូរឲ្យច្បាស់ថា តើកម្រិតណាមួយដែលយើងនឹងបង្កើតដំណោះស្រាយ។ ប្រទេសចិនក៏កំពុងតែព្យាយាមដើម្បីសម្រេចកិច្ចការនេះ ប្រកបដោយផ្លែផ្កាផងដែរ។ យើងកំពុងគិតថា ពួកគេនឹងព្យាយាមឆ្លើយតបនូវអ្វី ដែលកំពុងកើតមានឡើងឥឡូវនេះ ហើយពួកគេ (ចិន) មានអំណាចគ្រប់គ្រប់គ្រាន់»។
ទោះបីជាចិនសន្យាថា នឹងចូលរួមក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង ឆ្លើយតបនឹងការបាញ់មីស៊ីលសាកល្បងកាលពីដើមសប្តាហ៍នេះក្តី ក៏សហរដ្ឋអាមេរិកនៅតែបន្តតាមដាន និងដាក់សម្ពាធលើចិនដដែល ហើយក៏នឹងធ្វើកិច្ចសហការគ្នា ដើម្បីពន្លឿនការដោះស្រាយបញ្ហានេះស្របគ្នាតែម្តង។ នេះបើតាមការសង្កត់ធ្ងន់ពីលោកស្រី Haley។
គួរបញ្ជាក់ថា គ្រាប់មីស៊ីលដែលកូរ៉េខាងជើងបានបាញ់តេស្ត នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍ គឺជាប្រភេទរយៈចម្ងាយខ្លី ដែលអាចហោះបានក្នុងរង្វង់ពី ៣០០គីឡូម៉ែត្រទៅ ៥០០គីឡូម៉ែត្រ ហើយមួយថ្ងៃក្រោយមក ទីក្រុងព្យុងយ៉ាងក៏បានប្រកាសពីជោគជ័យរបស់ខ្លួន ដល់អន្តរជាតិ។
កូរ៉េខាងត្បូងបានអះអាងថា គ្រាប់មីស៊ីលមួយគ្រាប់ត្រូវបានបាញ់នៅម៉ោងប្រមាណ ៥៖៣៩នាទីព្រឹកថ្ងៃចន្ទ ចេញពីតំបន់ Wonsan នៃខេត្ត Kangwon របស់កូរ៉េខាងជើង ហើយបានធ្លាក់ចូលក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ស្ថិតនៅក្នុងសមុទ្រជប៉ុន ហើយវាហោះបានចំងាយ ៤៥០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា វាគឺជាលើកទី០៩ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង គិតចាប់តំាងពីដើមឆ្នាំ២០១៧មក។ ម្យ៉ាងវិញទៀតការធ្វើតេស្ដនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំ G7 ចាត់ទុកថា ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជា ការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ហើយបានព្រមានថា នឹងចាត់ធានការយ៉ាងតឹងរ៉ឹង ដើម្បីដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង ខណៈសហរដ្ឋអាមេរិក សម្រេចចិត្តបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងទីបី មកកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច៕