(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចែករំលែកលេខទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់លោក ឱ្យបណ្ដាមេដឹកនាំពិភពលោកមួយចំនួន និងជំរុញឱ្យពួកគេទូរស័ព្ទមកនិយាយជាមួយលោកដោយផ្ទាល់ទៀតផង។ នេះបើតាមក្រុមមន្ត្រីអាមេរិក ដកស្រង់ដោយសារព័ត៌មាន New York Times នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
ក្រុមមន្ត្រីដដែល នៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានជំរុញឱ្យមេដឹកនាំ កាណាដា និងមិចស៊ិកូ ទូរស័ព្ទមកលេខទូរស័ព្ទដៃលោកផ្ទាល់ ហើយក្នុងចំណោមមេដឹកនាំទំាងពីរនាក់នេះ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានធ្វើបែបនេះជាមួយលោក ត្រាំ អស់មួយរយៈមកហើយ។
ជាងនេះទៅទៀតបើតាមក្រុមមន្ត្រីបារាំង ប្រធានាធិបតីអាមេរិករូបនេះក៏បានចែករំលែកទូរស័ព្ទដៃផ្ទាល់ខ្លួនឱ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង ( Emmanuel Macron) ផងដែរ នៅអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ អបអរសាទរជ័យជម្នះរបស់លោក ម៉ាក្រុង នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង កាលពីដើមខែឧសភា។
ទោះជាយ៉ាងនេះក្ដី សេតវិមានមិនទាន់ប្រតិកម្មនឹងសេចក្ដីរាយការណ៍នេះ នៅឡើយទេ ខណៈទង្វើបែបនេះរបស់លោក ត្រាំ គឺធ្វើឱ្យប៉ះពាល់ដល់របៀបរបប ឬពិធីសារការទូត ព្រមទំាងបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងកិច្ចការសម្ងាត់ជាតិអាមេរិក៕