(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការបាញ់សាកល្បងដោយជោគជ័យ​ប្រព័ន្ធស្ទាក់ចាប់មីស៊ីល​ផ្លោងឆ្លងទ្វីប តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសពីភាពជោគជ័យ នៃការធ្វើតេស្ដមីស៊ីលផ្លោងក៏ដូចជា​អះអាងថា ខ្លួននឹងបន្ដអភិវឌ្ឍប្រព័ន្ធមីស៊ីលនេះឱ្យកាន់តែខ្លាំងក្លា ទុកជាកាដូផ្ញើជូនទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។

នៅក្នុងការធ្វើតេស្ដនេះ យោធាអាមេរិក បានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ចេញពីតំបន់ Kwajalein Atoll នៃកោះ Marshall ឆ្ពោះទៅកាន់តំបន់ ដែនទឹកនៃរដ្ឋ Alaska ហើយបន្ទាប់មកទើបពួកគេបាញ់ប្រព័ន្ធស្ទាក់ចាប់មីស៊ីលចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋ California ដោយ វាបានកម្ទេចយ៉ាងល្អឥតខ្ចោះគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបនេះ នៅត្រឹមពាក់កណ្ដាលផ្លូវ​លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក​។

គួរបញ្ជាក់ថា ការធ្វើតេស្ដប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលចំណាយលុយជិត២០០លានដុល្លារ របស់សហរដ្ឋអាមេរិក ធ្វើឡើងនៅ ចំពេលគេមើលឃើញថា កម្មវិធីមីស៊ីលផ្លោងឆ្លងទ្វីប និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខ ដែលនេះគឺជាក្ដីកង្វល់ និងជាការគំរាម កំហែងដ៏ធំដល់ផលប្រយោជន៍ និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក រួមទំាងសម្ព័ន្ធមិត្តដូចជាជប៉ុន និងកូរ៉េខាងត្បូង៕