(អង់ការ៉ា)៖ ជុំវិញការទាមទារយ៉ាងទទូច របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឲ្យសមាជិកអង្គការ NATO បង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិរៀងៗខ្លួន អតីតមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៃប្រទេសតួកគី លោក Soner Polat បានលើកឡើងថា សហរដ្ឋអាមេរិកទំនងជាចង់បានក្រុមសម្ព័ន្ធមិត្តដ៏ខ្លាំងសម្បើមមួយដើម្បីជួយគាំទ្រខ្លួន នៅក្នុងករណីមានការប្រឈមមុខដាក់គ្នាជាមួយចិន ឬមួយក៏មហាអំណាចណាផ្សេងទៀតនាពេលអនាគត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
ការសង្កត់ធ្ងន់របស់លោក ដូណាល់ ត្រាំ នាពេលថ្មីៗ ដែលថាបណ្តាប្រទេសសមាជិកនៃអង្គការ NATO មិនបានបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុរបស់ពួកគេ និងការទាមទាររបស់លោក ឲ្យបង្កើនការចំណាយ លើវិស័យការពារជាតិរៀងៗខ្លួន ឲ្យបានយ៉ាងហោចណាស់ក្នុងអត្រាពីរភាគរយនៃទំហំ GPD របស់ពួកគេក្នុងមួយឆ្នាំៗនោះ បានបង្កជាការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនៅតួកគី។
យ៉ាងណាមិញលោក Polat បានគូសបញ្ជាក់ថា សមាជិក NATO មួយចំនួនរួមមានអាល្លឺម៉ង់និងបារាំងជាដើមនោះ បានសម្តែងការមិនពេញចិត្តជាខ្លាំងជាមួយសហរដ្ឋអាមេរិកជុំវិញរឿងនេះ ខណៈប្រទេសដទៃទៀតដូចជាហូឡង់និងប៉ូឡូញ នៅស្ងៀមមិនមានយោបល់អ្វីទាំងអស់៕