(ឡុងដ៍)៖ កញ្ញា Ariana Grande នឹងប្រារព្ធការប្រគុំតន្រ្តីសប្បុរសធម៌មួយ នៅក្នុងទីក្រុង Manchester នាថ្ងៃអាទិត្យសប្តាហ៍នេះ ដែលនឹងមាន​ការ​ចូលពីសំណាក់តារាចម្រៀងល្បីៗជាច្រើនរូបទៀត របស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស រួមមានក្រុម Coldplay, លោក Justin Bieber, ​កញ្ញា Katy Perry, កញ្ញា Miley Cyrus, និងលោក Pharrell Williams ដើម្បីជួយដល់ជនរងគ្រោះ ក្នុងការវាយប្រហារភេរវកម្ម ដោយ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​ដ៏រន្ធត់​កាលពីដើមសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Associated Press (AP) នៅយប់ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។

សូមរំលឹកថា ហេតុការណ៍​ផ្ទុះគ្រាប់បែកដ៏កក្រើកមួយ បាន​កើតឡើងនាវេលាម៉ោង​ប្រមាណ១០៖៣៥នាទី យប់ថ្ងៃចន្ទដើមសប្តាហ៍មុននេះ (ម៉ោង​ក្នុង​តំបន់​កើតហេតុ) នៅ​​​​សាលប្រគុំតន្រី្ត Manchester Arena ក្នុងទីក្រុង Manchester របស់ចក្រភពអង់គ្លេស ដែល​មាន​ការ​ចូល​រួមសម្តែង​ដោយ​តារា​ចម្រៀង​ប៉ុបដ៏ល្បី​​របស់សហរដ្ឋអាមេរិកគឺកញ្ញា Ariana Grande​ ហើយវាបានឆក់យកជីវិតមនុស្សចំនួន២២នាក់ និងបានបណ្តាលឲ្យរាប់​សិប​​នាក់​ផ្សេងទៀតរបួសយ៉ាងដំណំ។ ក្រោយការវាយប្រហារនេះ កញ្ញ Grande បាន​សម្តែង​នូវ​ការ​បួង​សួង និង​សមាន​ទុក្ខយ៉ាងជ្រាល​ជ្រៅ​អស់​ពី​បេះ​ដូង ជូនចំពោះជនរងគ្រោះទាំងអស់ និងបានសន្យាថានឹងវិលត្រឡប់មកប្រគុំតន្រ្តីសាជាថ្មីម្តងទៀត ដើម្បី​រៃអង្គាសថវិកាសម្រាប់​ជួយ​ជន​រង​គ្រោះ​ទាំងអស់ និងក្រុមគ្រួសារ​របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្រ្តី One Love Manchester នឹងប្រព្រឹត្តទៅនៅក្នុងពហុកីឡាដ្ឋាន Old Trafford នៃទីក្រុង Manchester នា​ថ្ងៃទី០៤ ខែមិថុនា (ពេលវេលានៅអង់គ្លេស) ហើយថវិកាដែលរកបានទាំងប៉ុន្មាន នឹងត្រូវប្រគល់ជូនមូលនិធិសង្រ្គោះបន្ទាន់ របស់ទីក្រុងនិង​កា​ក​បាទក្រហមនៃចក្រភពអង់គ្លេស៕