(ម៉ូស្គូ)៖ និពន្ធនាយិកានៃសារព័ត៌មាន RT និង Sputnik របស់ប្រទេសរុស្ស៊ី លោកស្រី Margarita Simonyan បានចេញមុខធ្វើការ​ឆ្លើយ​តបភ្លាមៗ​ចំពោះ​ពាក្យ​សម្តីចោទប្រកាន់ របស់ប្រធានាធិបតីបារាំងថ្មី លោក Emmanuel Macron ដែលបាននិយាយចំៗថា ស្ថាប័នព័ត៌មានធំៗទាំងពីរនេះ គ្មាន​វិជ្ជា​ជីវៈ​ជា​​អ្នក​សារ​ព័ត៌​មាន និងគ្រាន់តែ​ជាប្រព័ន្ធឃោសនា​នយោបាយ​តែប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការ​ផ្សាយ​ចេញ​ពីសារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។

នាថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានជួបពិភាក្សាគ្នាជាមួយសមភាគីលោក Emmanuel Macron នៅឯវិមាន​ Versailles ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោក ពូទីន នៅប្រទេសបារាំង។ ក្រោយកិច្ចពិភាក្សាគ្នា ក្នុងអំឡុងនៃការធ្វើសន្និសីទកាសែត​រួមរបស់មេដឹកនាំទាំងពីរ ​ភ្នាក់ងារម្នាក់របស់សារព័ត៌មាន RT ប្រចាំប្រទេសបារាំង បានសួរទៅកាន់លោក Macron ថាហេតុអ្វីបានកាសែត RT និង Sputnik ត្រូវបាន​បដិ​សេធមិនឲ្យចូលទៅយកព័ត៌មាន នៅក្នុងទីស្នាក់ការរបស់លោក កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារាំង។ លោក Macron បានឆ្លើយតបទៅវិញ​ដោយ​ចោទ​ប្រកាន់ RT និង Sputnik ថាបានផ្សព្វផ្សាយព័ត៌មានបំភ្លៃមិនពិតអំពីរូបលោក។

ជុំវិញការចោទ​ប្រកាន់នេះលោកស្រី Margarita Simonyan បានឆ្លើយតបតទៅវិញតាមរយៈការចង្អុលបង្ហាញថា ក្រុមការងាររបស់លោក Macron ពុំអាចផ្តល់ឧទាហរណ៍ជាក់ស្តែងណាមួយ អំពីការឃោសនានយោបាយប្រឆាំងនឹងរូបលោកនោះឡើយ គិតមកទល់ពេលនេះ ទោះបីជា​មានការចោទប្រកាន់ជាដដែលៗបែបនេះ ច្រើនរាប់មិនអស់ កាលពីអំឡុងយុទ្ធនាការឃោសបោះឆ្នោតយ៉ាងណាក្តី។ លោកស្រី Simonyan បាន​បន្ថែមថា តាមរយៈការចោទប្រកាន់ចំពោះសារព័ត៌មានណា ដែលលោក មិនឯកភាពជាមួយ លោកប្រធានាធិបតីបារាំងថ្មីរូបនេះ កំពុង​​បង្កើតគំរូដ៏គ្រោះថ្នាក់មួយ ដែលអាចគំរាមកំហែងដល់សេរីភាព នៃសារព័ត៌មានហើយ។

ជាចុងក្រោយនិពន្ធនាយិការបស់សារព័ត៌មាន RT និង Sputnik រូបនេះ បានលើកឡើងថា បើតាមការយល់ឃើញក៏ដូចជាហេតុផលរបស់​លោក Macron សារព័ត៌មានរបស់ប្រទេសលោកខាងលិចទាំងអស់ គួរតែត្រូវបណ្តេញចេញពីប្រទេសរុស្ស៊ី ពីព្រោះតែប្រព័ន្ធផ្សព្វផ្សាយទាំង​នោះ តែងតែប្រឆាំងនឹងលោក ពូទីន៕