(ម៉ូស្គូ)៖ ចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់១៥នាក់ហើយ គិតត្រឹមយប់ថ្ងៃអង្គារនេះ ខណៈមនុស្សប្រមាណ២០០នាក់ទៀត បានទទួលរងរបួសធ្ងន់និងស្រាល និងកំពុងបន្តសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ បន្ទាប់ពីព្យុះកំណាចដ៏ខ្លាំងក្លា បានវាយប្រហារយ៉ាងដំណំលើទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៊ី រួមទាំងតំបន់ជុំវិញនោះ កាលពីរសៀលថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
ម្យ៉ាងវិញទៀតកាលពីយប់ថ្ងៃចន្ទ អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បានបញ្ជាក់ថា ព្យុះកំណាចនេះក៏បាន បណ្តាលឲ្យមានការដួលរំលំដើមឈើ នៅតាមដងវិថីជាច្រើន ដែលជាហេតុបង្កើតជាការរាំងស្ទះដល់ចរាចណ៍ធ្វើដំណើរ និងថែមទាំងបានបង្កការខូចខាតដល់អគារមួយចំនួន នៅក្នុងទីក្រុងទៀតផង។
គួរបញ្ជាក់ថា ព្យុះកំណាចខាងលើនេះមានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាបានបំផ្លាញអគារនានាជាច្រើនក្នុងទីក្រុង និងធ្វើដើមឈើរាប់រយដើមបាក់រលំ។ បន្ថែមពីនេះខ្សែចម្លងអគ្គិសនីជាច្រើនបានដាច់ ដែលបង្កឲ្យផ្ទះសម្បែងប្រជាជនជាង៧,៣០០ខ្នងរងផលប៉ះពាល់៕