(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃអង្គារនេះបានធ្វើការរិះគន់វាយបកចំៗ ទៅលើប្រទេសអាល្លឺម៉ង់ បន្ទាប់ពីអធិការបតីលោកស្រី អាន់ជែឡា មឺគែល (Angela Merkel) បានបង្ហាញពីមន្ទិលសង្ស័យរបស់លោកស្រី ចំពោះភាពអាចឲ្យអាស្រ័យពឹងពាក់បានរបស់សហរដ្ឋអាមេរិក ក្នុងនាមជាសម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនង Twitter ថា «ប្រទេសរបស់យើងមានឱនភាពពាណិជ្ជកម្មក្នុងទំហំដ៏ធំសម្បើមជាមួយអាល្លឺម៉ង់ ហើយម៉្យាងវិញទៀតពួកគេបានធ្វើការចំណាយតិចជាង កម្រិតដែលពួកគេគួរតែចំណាយ ទៅក្នុងអង្គការ NATO និងវិស័យយោធាថែមទៀត។ បញ្ហាទាំងអស់នេះគឺអាក្រក់បំផុតសម្រាប់សហរដ្ឋអាមេរិក ហើយពួកវានឹងត្រូវតែផ្លាស់ប្តូរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោកស្រី មឺគែល បានថ្លែងដោយប្រយោលថា អឺរ៉ុបមិនអាចពឹងផ្អែកទំាងស្រុងលើសម្ព័ន្ធមិត្តមួយនេះទៀតនោះទេ ហើយត្រូវតែកំណត់ជោគវាសនានៅក្នុងដៃរបស់ខ្លួងឯង៕