(អាមេរិក)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំលំដាប់ពិភពលោក Amazon នាថ្ងៃអង្គារនេះបានកើនឡើងហួសតម្លៃ១,០០០ដុល្លារ ក្នុងមួយហ៊ុនជាលើកដំបូងបំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Associated Press នៅយប់ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
ក្រៅពី Amazon មានតែក្រុមហ៊ុនចំនួន១៤ផ្សេងទៀតប៉ុណ្ណោះ ដែលមានតម្លៃភាគហ៊ុនពាណិជ្ជកម្មខ្ពស់ជាង១,០០០ដុល្លារក្នុងមួយហ៊ុន ហើយនៅក្នុងនោះមានតែក្រុមហ៊ុន Priceline Group តែមួយគត់ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដូចគ្នា។ ជាងនេះទៅទៀតអ្វីដែលកាន់តែអស្ចារ្យនោះគឺ ក្រុមហ៊ុន Amazon មានតម្លៃខ្ពស់ដាច់យ៉ាងឆ្ងាយដែលលើសពីបួនដងទៅទៀត បើប្រៀបធៀបទៅនឹងក្រុមហ៊ុនទាំង១៤នោះរួមបញ្ចូលគ្នា។
គួរបញ្ជាក់ថា ការកើនឡើងនៃតម្លៃភាគហ៊ុននេះ បានជួយឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ របស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមបើកដំណើរការកាលពីឆ្នាំ១៩៩៥ ដោយភាគច្រើនតាមរយៈការលក់សៀវភៅតិចតួចប៉ុណ្ណោះ រហូតដល់លក់ទំនិញស្ទើរសព្វគ្រប់បែបយ៉ាងនាពេលបច្ចុប្បន្ននេះនោះ កើនឡើងដល់៤៧៨ពាន់លានដុល្លារអាមេរិក ថែមទៀតផង៕