(ប៊ែរឡាំង)៖ ក្រុមមន្រ្តីប៉ូលិសអាល្លឺម៉ង់បានឲ្យដឹងថា ពួកគេបានធ្វើការឃាត់ខ្លួនជនជាតិស៊ីរីម្នាក់ មានវ័យ១៧ឆ្នាំ នៅជាយក្រុងប៊ែរ​ឡាំង ក្រោម​​ការ​​សង្ស័យ​ថាយុវជនរូបនេះ កំពុងរៀបចំគម្រោងការវាយប្រហារដោយអត្តឃាត ដ៏ខ្មៅងងឹតមួយនៅក្នុងរដ្ឋធានីនៃប្រទេសអឺរ៉ុបមួយនេះ។ នេះ​បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC News នៅយប់ថ្ងៃអង្គារ​ ទី៣០ ខែឧសភា ឆ្នាំ២០១៧។

អាជ្ញាធរប្រចាំរដ្ឋ Brandenburg បានប្រកាសនៅថ្ងៃអង្គារនេះថា ជនសង្ស័យខាងលើត្រូវចាប់ខ្លួនបាន នៅក្នុងសង្កាត់ Uckermark ភាគឦសាន​នៃរដ្ឋធានីប៊ែរឡាំង។ យ៉ាងណាមិញព័ត៌មានលម្អិតភ្លាមៗថា តើជនរូបនេះជិតសម្រេចបានគោលដៅរបស់ខ្លួន ដល់កម្រិតណា ឬព័ត៌មានដទៃ​ផ្សេង​​​ទៀត ទាក់ទិននឹងជនសង្ស័យម្នាក់នេះ​​ ពុំទាន់ត្រូវបានដឹងច្បាស់ឡើយទេ។

សូមជំរាបថា ប្រទេសអាល្លឺម៉ង់ ធ្លាប់បានទទួលរងការវាយប្រហារ ដោយភេរវកម្មជាច្រើនលើក កាលពីឆ្នាំ២០១៦ តួយ៉ាងកាលពីខែធ្នូ ឆ្នាំមុននេះ ជនដៃដល់ម្នាក់មានសញ្ជាតិទុយនេស៊ី បានបើកការវាយប្រហារភេរវកម្មទៅលើ ផ្សាររាត្រីសម្រាប់បុណ្យណូអែលមួយកន្លែងក្នុងទីក្រុងប៊ែរឡាំង តាម​រយៈការបើករថយន្តធុនធំបំបុកមនុស្សស្លាប់ចំនួន១២នាក់ និងបានបណ្តាលឲ្យជាច្រើននាក់ទៀតរងរបួសយ៉ាងដំណំ៕