(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះ សូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានអះអាងពីភាពជោគជ័យនៃការបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទ Scud កាលពីថ្ងៃចន្ទ ហើយថាខ្លួននឹងបន្ត អភិវឌ្ឍក៏ដូចជាធ្វើតេស្ដសាកល្បងប្រព័ន្ធមីស៊ីល (Ballistic)នេះឱ្យកាន់តែខ្លាំងក្លា ទុកជាកាដូរផ្ញើជូនសហរដ្ឋអាមេរិក។

២៖ អតីតមេដឹកនាំផ្ដាច់ការ នៃប្រទេសប៉ាណាម៉ា និងធ្លាប់ជាអ្នកយកការណ៍ឱ្យ CIA លោក Manuel Noriega បានទទួលមរណៈភាពហើយក្នុងវ័យ ៨៣ឆ្នាំ នៅយប់ថ្ងៃចន្ទ បន្ទាប់ពីទទួលការវះកាត់ជំងឺដុះដុំសាច់ក្នុងខួរក្បាល ចាប់តាំងពីខែមីនាមក។ លោក Manuel Noriega បានដឹកនាំប្រទេស ប៉ាណាម៉ា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៩ តែត្រូវបានទម្លាក់ចេញពីតំណែងដោយទីក្រុងវ៉ាស៊ីនតោន នៅឆ្នាំ១៩៨៩។ ប៉ុន្តែយ៉ាងណា អតីតមេដឹកនាំ រូបនេះ ចោទថាទីក្រុងវ៉ាស៊ីតោន ទម្លាក់លោកពីតំណែង និងចាប់ដាក់គុក ដោយសារតែលោកបានបដិសេធ ធ្វើកិច្ចសហប្រតិបត្តិការជាមួយ សហរដ្ឋអាមេរិក ក្នុងការផ្ដួលរំលំរដ្ឋាភិបាលឆ្វេងនិយម Nicaragua នៅអំឡុងឆ្នាំ១៩៨០។

៣៖ ប្រធានក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiechi បានព្រមានធ្ងន់ៗថា ជប៉ុនគួរតែប្រយ័ត្នប្រយែង ចំពោះពាក្យសម្តីខ្លួនឯង នៅពេលចេញសេចក្តី ថ្លែងការណ៍ពាក់ព័ន្ធនឹងជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង ខណៈទីក្រុងតូក្យូ និងទីក្រុងប៉េកាំង កំពុងមានជម្លោះដែនទឹកនឹងគ្នាស្រាប់នៅឯតំបន់ សមុទ្រចិនខាងកើត។

៤៖ អាជ្ញាធរអ៊ីរ៉ាក់ បានឱ្យដឹងថាចំនួនមនុស្សស្លាប់បានកើនឡើងដល់២៧នាក់ និងជាង៥០នាក់ទៀតរងរបួសធ្ងន់-ស្រាល នៅក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែករបស់ពួក ISIS នៅចំកណ្តាលរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ នៅព្រឹកព្រហាមថ្ងៃអង្គារនេះ។

៥៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានអះអាងថា សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដ៏មានអានុភាព B-1B មកជិតទឹកដីរបស់ខ្លួន និងថែមទាំងបានធ្វើសមយុទ្ធទម្លាក់គ្រាប់បែកថែមទៀតផង។ ការបញ្ជូន B-1B ធ្វើឡើងនៅក្រោយកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង ប្រភេទ Scud ដោយជោគជ័យ កាលពីថ្ងៃចន្ទ។

៦៖ ព្យុះដ៏កំណាច ដែលបានវាយប្រហារយ៉ាងដំណំលើទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ បានផ្តាច់យកជីវិតមនុស្សសរុប ១២នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ខណៈមនុស្ស១២៥នាក់ទៀត រងរបួសធ្ងន់ និងស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕