(ស៊ីដនី)៖ ព្រឹទ្ធសមាជិកអាមេរិក លោក ចន ម៉ាខេន បានលើកឡើងថា ប្រទេសចិនគឺកំពុងតែប្រព្រឹត្តខ្លួនដូចជាក្មេង ចូលចិត្តបង្ករឿងច្រើន នៅតំបន់សមុទ្រចិនខាងត្បូង តាមរយៈការបំពាក់សព្វាវុធយោធា នៅតាមដែនកោះជម្លោះ និងកោះសិប្បនិមិត្តដែលខ្លួនគ្រប់គ្រង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងបទអត្ថាធិប្បាយមួយអំឡុងពេល លោក ម៉ាខេន បំពេញទស្សនកិច្ចនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី ព្រឹទ្ធសមាជិករូបនេះ បានប្រើប្រាស់វេទិកាទាំងមូលទៅវាយប្រហារប្រទេសចិន ដោយលោកអះអាងថា ចិនបានសម្តែងឲ្យពិភពលោកឃើញយ៉ាងខ្លាំង អំពីសកម្មភាពបង្កើនយោធា និងបង្កើតកោះសិប្បនិមិត្តនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ប៉ុន្តែការលើកឡើងបែបនេះ ត្រូវបានទីក្រុងប៉េកាំងច្រានចោល។
សមាជិកព្រឹទ្ធសភាអាមេរិក នៃរដ្ឋ Arizona ខាងលើនេះបានសង្កត់ធ្ងន់ថា «ខ្ញុំគិតថា វាជារឿងច្បាស់លាស់បំផុតហើយ ដែលប្រទេសចិនកំពុងតែបំពាក់គ្រឿងបរិក្ខាយោធាទៅលើកោះនានា ដែលខ្លួនបានបង្កើត និងកាន់កាប់ ហើយវាពិតជាការរំលោភច្បាប់អន្តរជាតិ»។ ការលើកឡើងរបស់ លោក ម៉ាខេន ទាងអស់នេះត្រូវបានគេមើលឃើញថា នឹងបង្កើតភាពតានតឹងជាថ្មីរវាងអាមេរិក និងចិន ចំពោះមុខកិច្ចប្រជុំកំពូលមួយនៅសិង្ហបុរីដែលមហាយក្សទាំងពីរ នឹងចូលរួមនៅប៉ុន្មានថ្ងៃខាងមុខនេះ៕